(រតនគិរី)៖​ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះថា មានករណីអ្នកទោសចំនួន២នាក់ រត់ចេញពីពន្ធនាគារភ្នំស្វាយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនាម្សិលមិញ ហើយ បើតាមប្រភពមន្ត្រីពន្ធនាគារ បានឲ្យដឹងថា អ្នកទោស២នាក់នោះ ទី១-ឈ្មោះ ជា ប៊ុនថេង ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញឿន និងទី២-ឈ្មោះ រាជ សុភ័ក្ត្រ ជាប់ទោសពាក់ព័ន្ធពីបទលួច។

ជុំវិញករណីខាងលើនេះ លោក ទិន សុវណ្ណី ប្រធានពន្ធនាគារភ្នំស្វាយ បានប្រាប់ភ្នាក់ងារ Fresh News ថា «ពិតជាមានអ្នកទោសចំនួន២នាក់ រត់គេចខ្លួនមែន»

លោក ទិន សុវណ្ណី បញ្ជាក់ទៀតថា អ្នកទោសទាំង២នាក់ដែលរត់ចេញនេះ ជិតមានសេរីភាពវិញហើយ ពោលគឺសល់តែ៥-៦ខែទៀត ចេញពីពន្ធនាគារហើយ ប៉ុន្តែមុនពេលរត់ចេញពីពន្ធនាគារ ពួកគេត្រូវបានមន្ត្រីពន្ធនាគារ បញ្ចេញឲ្យមកធ្វើសិប្បកម្មកែច្នៃឈើ ធ្វើគ្រឿងសង្ហារឹម តែបែរជានាំគ្នារត់គេចទៅវិញ។

មន្ត្រីដដែលរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានដាក់កម្លាំង ដើម្បីស្រាវជ្រាវស្វែងរក អ្នកទោសទាំង២នាក់នោះ មកឃុំខ្លួនក្នុងពន្ធនាគារភ្នំស្វាយវិញ៕