(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលរៀបចំពិធីជូនដំណើរកងវិស្វកម្មព្រលានយន្តហោះលេខ ចូលរួម បេសកកម្ម នៅប្រទេសម៉ាលី នៅទីស្តីការក្រសួង។

តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា កងកម្លាំងវិស្វកម្ម ព្រលានយន្តហោះ ដែលជាកងកម្លាំងនាំមុខទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ មានចំនួន៨០នាក់ នៅចាកចេញពីកម្ពុជានៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។

ដោយឡែកមួយទៀត តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កងកម្លាំងចូលរួមលំហាត់ហ្វឹកហ្វឺន ប្រតិបត្តិការសន្តិភាពពហុជាតិ (Multinational Peacekeeping Exercise 2017 ក្នុងក្របខណ្ឌ GPOI នៅប្រទេសនេប៉ាល់ មានកម្លាំងចូលរួមចំនួន៤២នាក់។ កាលបរិច្ឆេទចេញដំណើរ ត្រូវបានចែកចេញជា២ដំណាក់កាលរួមមាន៖ ក្រុមគ្រូបង្គោលចំនួន០៣នាក់ បានចាកចេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងផ្នែកលំហាត់ សេនាធិការ និងផ្នែកលំហាត់លើទីលាន មានកម្លាំងចំនួន៣៩នាក់ នឹងចេញដំណើរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ កម្លាំងទាំង៤២នាក់នេះ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧៕