(ភ្នំពេញ)៖ លោក គន់ គីម ប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាបក្សគណៈពង្រឹង ការងារទាំងអស់ ឲ្យប្រឹងប្រែងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់។

ការថ្លែងដាស់តឿននេះ បានធ្វើឡើងក្នុងពេលដែល លោក គន់ គីម អញ្ជើញប្រជុំត្រួតពិនិត្យការងារ និងធ្វើបច្ចុប្បន្នភាពរបស់គណបក្សស្រុកអន្លង់វែង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ។

«តម្រូវការ ក៏ដូចជាបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ គឺជាបញ្ហាចម្បង ដែលយើងត្រូវតែត្រួតពិនិត្យ និងដោះស្រាយជូនពួកគាត់ឲ្យមានប្រសិទ្ធភាពជាទីបំផុត ដោយមិនត្រូវបណ្តែតបណ្តោយនោះឡើយ។ ចាប់ពីពេលនេះតទៅ ការងារចុះមូលដ្ឋាន ខិតខំដោះស្រាយការលំបាក និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាការងារអាទិភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាគណបក្សកាន់អំណាច»។ នេះជាការថ្លែងបញ្ជាក់របស់លោក គន់ គីម។

លោក គន់ គីម ក៏បានថ្លែងអំពាវនាវឲ្យមានការរួបរួមសាមគ្គីផ្ទៃក្នុងបក្សបានល្អ ហើយត្រូវត្រៀមលក្ខណៈសម្បត្តិ ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះផងដែរ៕