(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនសីុម៉ាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ នឹងចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ (ATM) របស់ធនាគារ Canadia ស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោយពីមានហេតុការណ៍ផ្ទុះកាលពីយប់រំលងអាធ្រាត្រ។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា «ចំពោះករណីនេះយើង មិនទាន់រកមូលហេតុដឹងឲ្យពិតប្រាកដនៅឡើយទេ ដោយរង់ចាំការស្រារជ្រាវបន្តទៀត នៅថ្ងៃនេះ ដោយមានការចូលរួមពិនិត្យផ្ទាល់ពីកម្លាំងសីុម៉ាក់ ពីព្រោះក្រោយកើតហេតុ យើងមិនទាន់រកឃើញវត្ថុតាងណាមួយដែលគួរឲ្យសង្ស័យជាគ្រឿងផ្ទុះនៅឡើយទេ ហើយយើងនឹងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត»

យ៉ាងណាក៏ដោយ បើតាមលោក ហ៊ុន សុធី ការផ្ទុះនេះបានបណ្តាលឲ្យផ្នែកខាងលើ គឺកន្លែងញុកកាត បានរងការខូចខាត ប៉ុន្តែផ្នែកខាងក្រោមជាកន្លែងដាក់លុយវិញ មិនមានការប៉ះពាល់នោះទេ ហើយក្រោយកើតហេតុភ្លាមៗនោះ ខាងធនាគារបានមកយកលុយទាំងអស់ទៅវិញហើយ។

សូមបញ្ជាក់ថា ភ្នាក់ងារ Fresh News នៅយប់មិញបានរាយការណ៍ថា មានករណីផ្ទុះទូ ATM របស់ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍របស់នគរបាល បាមបង្ហាញថា ការខូចខាត ទូATM របស់ធនាគារកាណាឌីយ៉ា មានការខូចខាតប្រហែល៨០% ។

តាមដំណើររឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ អឺន ចេក ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន POS បានអះអាងថា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២៖៣០នាទីរំលង អាធ្រាត្រ ខណៈពេលដែលខ្លួនកំពុងយាមនៅដីឡូតិ៍នៅ ទល់មុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែសម្លេងផ្ទុះយ៉ាង ខ្លាំងចេញពីទូ ATM របស់ធនាគារកាណាឌីយ៉ា ដែលនៅជាប់របងមន្ទីរពេទ្យកុមារជាតិ ទល់មុខទីតាំងដែលខ្លួនកំពុងយ៉ាង ហើយក៏មានសម្លេងស៊ឺរ៉ែន Alarm របស់ទូធនាគារ បានរោទ៍ឡើងប្រហែល៥នាទីទើបបានបាត់សម្លេងទៅវិញ៕