(ភ្នំពេញ)៖ ថ្ងៃនេះប្រជាជាតិកម្ពុជា រួមមាន ព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ព្រមទាំងភ្ញៀវជាមិត្តភក្តិនៃបណ្តាប្រទេសនានាដូចជា អនុប្រធានាធិបតីឥណ្ឌូនេស៊ី, ឧបនាយករដ្ឋមន្ត្រីថៃនិងគណៈប្រតិភូជាន់ខ្ពស់, គណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសឡាវ ព្រមទាំងអង្គទូតនានា ក្នុងនោះក៏មានទូតបារាំង និងទូតរដ្ឋអាមេរិកផងដែរ មានវត្តមាននៅទីដ្ឋានបូជា សពសម្តេចវិបុលបញ្ញា សុខ អាន ដើម្បីជាការលាគ្នាដោយការគោរព ជាការជូនដំណើរចុងក្រោយដោយក្តីអាឡោះអាល័យ ដោយស្រណោះស្រណោក និងដោយកិត្តិយស។

ផ្ទុយទៅវិញ អ្នកនយោបាយដែលប្រើវោហាសាស្ត្រនិយាយថា៖ «មិនយកខ្មែរណាជាសត្រូវ» ពេលនេះ តើស្មារតីជាតិគេនៅឯណា? គុណធម៌អ្នកនយោបាយនៅឯណា? បើមិនចង់ចូលរួមគោរពសព ចុះហេតុអ្វីគ្រាន់តែលិខិតរំលែកទុក្ខ១សន្លឹក ម្តេចក៏លើកដៃធ្វើមិនបាន? ចរិតនយោបាយជួរជាតិបែបនេះ តើអាចបង្រួបបង្រួមជាមួយអ្នកណា?

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាបក្សឈ្នះឆ្នោតសុខចិត្តចាប់ដៃបង្កើត «វប្បធម៌សន្ទនា» ជាមួយអ្នកចាញ់ ដើម្បីការបង្រួបបង្រួមជាតិ ដើម្បីលើកកិត្តិយសជាតិ និងដើម្បីបង្ហាញគុណធម៌អ្នកដឹកនាំជាតិ!។ កាយវិការនេះបង្កើតបាននូវ «តម្លៃជាតិ» និង «ភាពសុខដមរមនាសម្រាប់ជាតិ» ធំធេងណាស់។ ផ្ទុយទៅវិញ គុណធម៌បែបនេះត្រូវ «គេ» សងវិញដោយការប្រមាថដ៏អាក្រក់បំផុត!។

វប្បធម៌សន្ទនាត្រូវ «គេ» បំផ្លាញនិងប្រមាថ! គ្រួសារសពដែលមានទុក្ខ «គេ» មិនចែករំលែកមរណទុក្ខ! ពិធីបុណ្យប្រពៃណីដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពគេមិនចូលរួម! ពិធីបូជាសព «គេ» មិនចូលរួម។ បើអំពើគុណធម៌បែបនេះ «គេ» ធ្វើមិនបានផង តើគេអាចបង្រួបបង្រួមជាតិជាមួយអ្នកណាកើត!?

ជាខ្មែរ យើងពិតជាឆ្ងល់ដោយហួសចិត្ត៖ តើស្មារតី «គេ» ចង់បន្តហែកហួរ បែងចែក ប្រជាជនដល់ពេលណាទៀត? ហេតុអ្វីបានជាក្នុងមនសិការរបស់គេគ្មានគុណធម៌បែបនេះ? តើរហូតពេលណា ពន្លកស្មារតីបង្រួបបង្រួមជាតិកើតមានក្នុងព្រលឹងគេ?

យើងបានរួមគ្នាខិតខំប្រែក្លាយប្រជាជាតិមួយឲ្យងើបពីគំនរផេះផង់ មកជាប្រទេសអភិវឌ្ឍន៍។ តែជាអកុសល យើងក៏នៅមានអ្នកនយោបាយ ដែលផ្នត់គំនិតរបស់គេនៅជាប់ក្នុងអតីតកាល កំហឹងងងិតងងុល និងអគុណធម៌នៅឡើយ។

ការបង្រួបបង្រួមជាតិ គឺចាប់ផ្តើមពីការទទួលស្គាល់សមិទ្ធផលដែលមាន។ ផ្ទុយទៅវិញ ការបដិសេធទាំងសមិទ្ធផលនិងស្នាដៃរបស់អ្នកខិតខំធ្វើ គឺជាការប្រមាថដល់ព្រលឹងអ្នកស្លាប់ ជាការប្រមាថដល់វីរជនដែលខំកសាង និងជាការប្រមាថទឹកចិត្តរបស់អ្នកនៅរស់ខ្លាំងណាស់ ហើយវាគឺជាចេតនានយោបាយយ៉ាងពិតប្រាកដក្នុងការបំបែកបំបាក់ជាតិ។

«គេ» ហានិយាយមួយម៉ាត់ណា មិនយកខ្មែរណាជាសត្រូវ!។ ប៉ុន្តែ ធាតុពិត «គេ» ចិញ្ចឹមចិត្តបម្រើមហិច្ឆតានយោបាយទុច្ចរិតតាមទិសស្លោក «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ គ្មានអ្វីអមតៈទេ។ ពួក «គេ» មិនគួររក្សាគំនិត «ចាប់ដៃជាន់ជើង» ប្រមាថ បំប៉ោង បំផ្លើស បំភ្លៃ ដើម្បីបំផ្លាញជាតិតទៅទៀតនោះទេ។

សំណាងណាស់ អ្នកកសាងសន្តិភាព និង ការអភិវឌ្ឍន៍មាតុភូមិនេះ នៅតែបន្តមានវត្តមាន ហើយនៅតែបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីបន្តដឹកនាំនិងការពារប្រជាជាតិនេះដោយកិត្តិយស និងដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនខ្មែរដែលមានចិត្តធម៌ មានគុណធម៌ ខុសពីពួក «គេ»៕

ដោយ៖ សេនាជាតិ