(ភ្នំពេញ)៖ ប្រទេសកម្ពុជា គ្រោងនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីបណ្តុះបណ្តាលជំនាញការទូត ឬជំនាញទំនាក់ទំនងសាធារណៈ ដល់យុវជនខ្មែរ។ វិទ្យាស្ថាននេះ មិនទាន់កំនត់ទីតាំងច្បាស់លាស់នៅឡើយទេ ដោយក្រសួងការបរទេសកំពុងសិក្សា។ នេះបើតាមការអះអាងរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ប្រាក់ សុខុន បានអះអាងបែបនេះ ខណៈដែលលោក បានជួបពិភាក្សាជាមួយលោកស្រី Concetta Fierravanti-Wells តំណាងការទូតប្រទេសអូស្រ្តាលី នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃ១៦ ​ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខនេះ កម្ពុជានឹងមានវិទ្យាស្ថានការទូត កើតឡើងជារូបរាង ជាមិនខាន ដោយក្រសួងបានពិភាក្សាជាមួយ តំណាងការទូតរបស់ប្រទេសអូស្ត្រាល​ក្នុងការបង្កើតវិទ្យាស្ថានការទូតនេះឡើង ដោយហេតុថាកម្ពុជាមានភាពខ្វះខាត​ជាច្រើនក្នុងវិស័យការទូត»

វិទ្យាស្ថានការទូតនោះ ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងវិស័យការបរទេសកម្ពុជា នៅលើឆាកអន្តរជាតិ កាន់តែខ្លាំងក្លាឡើង៕