(សៀមរាប)៖ ក្រៅពីមានរថយន្តត្រួតពិនិត្យគុណភាពទំនិញចល័យហើយនោះ នៅពេលឆាប់ៗខាងមុខនេះ ក៏នឹងមានរថយន្ត​ត្រួតពិនិត្យ គុណភាពប្រេងឥន្ធនៈចល័យមួយគ្រឿងទៀត ចល័យត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈតាមស្ថានីយនានា ដើម្បីទ​ប់​​ស្កាត់ការលក់ប្រេងមិនមានគុណភាព ឬមិនគ្រប់ចំណុះជាដើមនោះ។ នេះគឺជាការបញ្ជាក់ថា របស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជ​រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល។

ក្នុងឱកាសអញ្ជើញដុតកម្ទេចទិញខូចគុណភាពជិត ៣តោននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា ការលក់ប្រេងដែល មានគុណភាពមិនត្រឹមត្រូវ ឬមិនគ្រប់ចំណុះជាដើម គឺជាការបោកប្រាស់​អ្នកប្រើប្រាស់ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ របស់អ្នកប្រើប្រាស់ផងដែរ។

លោកអគ្គនាយកកាំកុងត្រូល បានបន្ថែមថា ម៉ាស៊ីនត្រួតពិនិត្យគុណភាពប្រេងនេះ នឹងចល័តទៅពិនិត្យគ្រប់​ស្ថានីយ​ប្រេងឥន្ធនៈ ដើម្បី ទប់ស្កាត់នូវបញ្ហាខាងលើ។

សូមបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានកាំកុងត្រូល មានរថយន្តត្រួតពិនិត្យគុណភាពទំនិញមួយគ្រឿង ដែលកំពុងចល័ត​តាមទី​ផ្សារ​នានា ដើម្បីស្វែងរកទំនិញគ្មានគុណភាព ហើយបានរកឃើញទំនិញខូចគុណភាព និងមានប្រើប្រាស់​ជាតិគីមីជា​ដើមផង​ដែរ​។

លោក ម៉ក់ ពេជ្ជរិទ្ធ បានចាត់ទុកវត្តមានរថយន្តត្រួតពិនិត្យគុណភាពទំនិញ និងរថយន្តត្រួតពិនិត្យ​គុណភាពប្រេងឥន្ធនៈ​ចល័តនេះ គឺជាកិច្ចខិតខំរបស់មន្រ្តីកាំកុងត្រូលក្នុងការរិះរកវិធីធ្វើយ៉ាងការពារប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋ​ពីចំណីអាហារគ្មានគុណភាព ក៏ដូចជាការលក់ប្រេងមិនមានគុណភាពពីអ្នកលក់៕