(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការជាមួយ​កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជន​ជាតិបរទេស នៅ​ហាងលក់កាហ្វេឈ្មោះ ម៊ី​ ហឿង ស្ថិតនៅផ្លូវលេខ១០៣ កែងផ្លូវ៤៧៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន៧នាក់ មានស្រីម្នាក់ត្រូវបានឃាត់ខ្លួនដោយសារ​គ្មានឯកសារ​ត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»

ដោយឡែកនៅរសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក៏បានឃាត់ជនជាតិវៀតណាមចំនួន៤នាក់ មានស្រី៣នាក់ ពីបទស្នាក់នៅ គ្មានឯកសារ លិខិតឆ្លងដែន ដោយមករកស៊ីលក់កាហ្វេនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕