(គួឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សាកសពលោក គីម ជុងណាំ ដែល​ត្រូវ​​ជា​បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាងនោះ នឹងត្រូវបញ្ជូនទៅឲ្យ​ប្រទេសកូរ៉េ​ខាង​ជើង ​​តាម​​ការ​ស្នើសុំពីសំណាក់ក្រុមគ្រួសារលោក គីម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅ​យប់​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

លោក ណាជីប បានបន្ថែមថា នៅក្រោយការបិទបញ្ចប់ការធ្វើកោសល្យវិច័យ និងការទទួលបានលិខិតមួយច្បាប់ពីក្រុម​គ្រួសារលោក គីម ដែលបានស្នើឲ្យបញ្ជូនសាកសពរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្រេចអនុវត្តន៍តាមសំណើនេះ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ជនជាតិម៉ាឡេស៊ីដែលជាប់គាំងក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីកូរ៉េខាងជើង ស្របពេលដែល​ជនជាតិ​កូរ៉េ​ខាង​ជើងនៅម៉ាឡេស៊ី ក៏ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅមាតុប្រទេសវិញដូចគ្នាដែរ។

គួរបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានគេលួចធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តជាតិគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ដោយការប្រើប្រាស់សារធាតុគីមីពុលម៉្យាងមានឈ្មោះថា VX។ ហើយករណីឃាតកម្មនេះបានបណ្តាលឲ្យផ្ទុះជម្លោះការទូតយ៉ាងក្តៅ​គគុក​រវាង​ម៉ាឡេស៊ីនិងកូរ៉ខាងជើង ដែលធ្លាប់តែជាមិត្តស្និទ្ធស្នាលនឹងគ្នា៕