(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានពន្យល់មូលហេតុមួយចំនួន ដែលនាំឲ្យការនាំចេញអង្ករកម្ពុជា​ធ្លាក់ចុះ នៅខែមីនា ឆ្នាំ២០១៧។

មូលហេតុនៃការធ្លាក់ចុះមាន២ធំៗ ដែលគួរឲ្យចាប់អារម្មណ៍ ទី១៖ ដោយសារតែការរឹតបន្ដឹងនៃការនាំចេញអង្ករទៅទីផ្សារចិន និងទី២៖ ដោយសារតែបញ្ហាកង្វល់សារធាតុថ្នាំកសិករ ដែលជាប់នឹងគ្រាប់អង្ករ ដែលសហគមន៍អឺរ៉ុប គ្រោងនឹងហាមឃាត់នៅខែកក្កដា។

អគ្គលេធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល រិទ្ធី បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា សហព័ន្ធមានការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃការនាំចេញអង្ករនៅពេលកន្លងមកនេះ។ លោកថា បញ្ហាធ្លាក់ចុះនេះ ដោយសារទីផ្សារនៅចិន បានរិតត្បិតជាងមុន ដែលពីមុនក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ប្រមាណ៤០របស់កម្ពុជា បាននាំចេញទៅប្រទេសចិន ប៉ុន្ដែនៅពេលដែល ភាគីចិនចុះមកពិនិត្យ និងវាយតម្លៃបញ្ហាអនាម័យ ពួកគេបានអនុញ្ញាតឲ្យក្រុម​ហ៊ុន និងរោងម៉ាស៊ីនចំនួន២៦ប៉ុណ្ណោះ អាចនាំចេញអង្ករទៅប្រទេសចិនបាន។

ដោយឡែកបញ្ហាចំបងមួយទៀត គឺនៅខែកក្កដាខាងមុខ នៅពេលដែលសហគមអឺរ៉ុប ចាប់ផ្ដើមត្រួតពិនិត្យ និងបិទមិន​ឲ្យ​នាំចូលកសិផល ដែលមានជាប់សារធាតុ Tricyclazole ក្នុងកម្រិតមិនឲ្យលើសពី១.១មីលីក្រាម ដែលនេះបានក្លាយ ជាការព្រួយបារម្ភរបស់ក្នុងក្រុមហ៊ុន និងអ្នកនាំចេញ។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដាក់សំណើរទៅភាគីចិន ដើម្បី​ឲ្យ​ចុះមកត្រួតពិនិត្យ និងវាយតម្លៃបញ្ហាអនាម័យ របស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជាផ្សេងៗទៀត ដើម្បីអាចវាយតម្លៃ ឲ្យក្រុមហ៊ុនទាំងនោះ មានសិទ្ធិនាំចេញទៅប្រទេសចិនបាន។

បើយោងតាមតួលេខ ការនាំចេញអង្ករ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទ នៃការនាំចេញអង្ករ នៅខែ​មីនា ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករធា្លក់ចុះ១៦% ធ្លាក់ពី៦,៦ម៉ឺនតោន នៅឆ្នាំ២០១៦ មកត្រឹម៥,៧ម៉ឺនតោន ក្នុងឆ្នាំ២០១៧នេះ។ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបាន ជិត១៧ម៉ឺនតោន កើនឡើងតិចតួចត្រឹមតែ៣%ប៉ុណ្ណោះ។

ជាមួយនឹងបញ្ហាកម្រិតសារធាតុ Tricyclazole ដែលសហគមអឺរ៉ុបគ្រោង នឹងហាមឃាត់ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ សហព័ន្ធស្រូវអង្ករបានចាប់ទុកថា គឺជារឿងចាំបាច់បំផុតមួយ ដែលត្រូវ យកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យប្រ​ជាកសិករ ប្រើប្រាស់នូវសារធាតុថ្នាំសម្លាប់សត្វល្អិតប្រភេទនេះ តទៅទៀត។ នៅពេលថ្មីៗនេះ ក្រសួងកសិកម្ម ក៏បានចេញប្រកាស ហាមឃាត់ការនាំចូល ចែកចាយ លក់ដូរ និងប្រើប្រាស់ថ្នាំសម្លាប់ស្អិត មានសារធាតុ Tricyclazole តទៅទៀត។

យ៉ាងណាក៏ដោយ បើតាមសហព័ន្ធស្រូវអង្ករ ផលិតផលអង្ករកម្ពុជា ដែលបានធ្វើតេស្តកន្លងមកភាគច្រើន លើសលប់គ្មានផ្ទុកសារធាតុ Tricyclazole នោះទេ តែដើម្បីបញ្ចៀសទាំងស្រុង ការប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសមាសធាតុផ្សំ Tricyclazole ត្រូវតែជៀសវាងក្នុងរដូវកាលថ្មី គឺត្រូវតែទប់ស្កាត់ និងហាមឃាត់ កុំឲ្យប្រជាកសិករប្រើសារធាតុហាមឃាត់នេះទៀត៕