(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងរំលឹកថា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្រ្គោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានប្រឹងប្រែងស្វែងរកសុខសន្តិភាពផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។
ការថ្លែងគូសបញ្ជាក់របស់ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយសាមជិក សមាជិកាបក្សមកពីក្រសួងស្ថាប័ននានាជាង ៤ពាន់នាក់នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងកិច្ចសំណេះសំណាលដែលធ្វើឡើងដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា និងការបោះឆ្នោតជាតិឆ្នាំ២០១៨នោះ សម្តេចតេជោ បានរំលឹកពីគុណសម្បត្តិ និងការដើរតួនាទីយ៉ាងសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា «ការសង្គ្រោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ការដំណើរការស្វែងរកដំណោះស្រាយសន្តិភាព តាមរយៈការចរចារ ហើយរយៈពេលចុងក្រោយ គឺជារយៈពេលដ៏សំខាន់ ដែលគណបក្សបានដើរតួនាទី ក្នុងការបង្រួបបង្រួមប្រទេស ដែលធ្លាប់ជាប្រទេសមួយ មានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរនោះទេ។ ក្នុងពេលតែមួយមកជាប្រទេសកម្ពុជាមួយ មានតំបន់ត្រួតត្រាតែមួយ កងទ័ពតែមួយ»។
ជាការកត់សម្គាល់គ្រាដែលព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កាន់តែខិតជិតមកដល់នោះ គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ទន្ទឹមនិងការធ្វើសកម្មភាពដើម្បីស្វែងរកការគាំទ្រហើយនោះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខបក្ស បានបើកការជួបជាបន្តបន្ទាប់ជាមួយមន្រ្តីបក្សគ្រប់ជាន់ថ្នាក់ទាំងនៅតាមបណ្តាខេត្ត និងតាមក្រសួងស្ថាប័ននានា។
គ្រប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន តែងបានក្រើនរំលឹកសមាជិក សមាជិការបស់ខ្លួន ឲ្យប្រឹងប្រែងធ្វើការងារទាំងឡាយណា ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ ជាពិសេសត្រូវចៀសវាងនូវការងារទាំងឡាយ ដែលនាំឲ្យមានការអាក់អន់ស្រពន់ចិត្តពីប្រជាពលរដ្ឋ។
ក្រៅពីការងារពង្រឹងផ្ទៃក្នុងបក្សរបស់ខ្លួនហើយ ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំកម្ពុជាតាំងពីឆ្នាំ១៩៨៥មកនោះ រាល់វេទិកាសាធារណៈ ក៏តែងបានបង្ហើសារនយោបាយបំភ្លឺផ្លូវជូនប្រជាពលរដ្ឋឲ្យសម្រេចចិត្តឲ្យបានច្បាស់លាស់ក្នុងការជ្រើសរើសគណបក្សនយោបាយដឹកនាំប្រទេស។
ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចជ្រើសរើសគណបក្សនយោបាយដឹកនាំប្រទេសនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សម្តេចថែមទាំងបានប្រលយថា ប្រសិនបើមានការជ្រើសរើសខុសអាចធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងវិបត្តិនៃសង្រ្គាមដូចពីអតីតកាលថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ដូច្នេះថា «តើប្រាកដទេ នៅពេលដែលគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាចតើប្រាកដថា សន្តិភាពនេះ ត្រូវបានធានាឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្តកើតមាននៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ តើបោះដើម្បីសន្តិភាពបន្តឬបោះ ដើម្បីសង្រ្គាម ជ្រើសរើសទៅ ដើម្បីសន្តិភាពឬសង្រ្គាម បោះឱ្យគណបក្សប្រជាជន សន្តិភាពនឹងមានបន្ត ឱកាសអភិវឌ្ឍ នឹងមានបន្ត»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ចំណាស់មួយនៅកម្ពុជា ហើយបានដឹកនាំប្រទេសកម្ពុជាចាប់តាំងពីក្រោយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មក។ បើទោះបីកម្ពុជា បានផ្លាស់ប្តូររបបទៅជាកម្ពុជាប្រជាធិបតេយ្យសេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបើកឲ្យមានការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ ក៏ដោយនោះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សនយោបាយមួយ ដែលបានរួមគ្នាជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្នុងការដឹកនាំប្រទេសជាតិ។
តែចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាអាណត្តិទី២ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសគណបក្សនយោបាយដទៃ និងបានធ្វើឲ្យគណបក្សនេះមានឱកាសដឹកនាំប្រទេសជាតិជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៣៨ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យប្រទេសកម្ពុជា ដែលត្រូវខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍មកនោះ ទទួលបានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋផងដែរ។
ជាពិសេសនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជា បានរក្សានូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៧ភាគរយ ហើយថ្មីៗនេះកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការវាយតម្លៃថា កម្ពុជា គឺជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ី បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នារយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងសករាជថ្មីនៃការអភិវឌ្ឍនោះ បានធ្វើឲ្យប្រទេសកម្ពុជា រើខ្លួនចេញពីប្រទេសមានចំណូលតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទៀប ខណៈដែលប្រជាពលរដ្ឋមានចំណូលជាធម្យមជាង ១ពាន់ដុល្លារក្នុងមួយឆ្នាំ៕