(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង​, រថយន្ដធុនធំ២គ្រឿង និងគោយន្ដ២គ្រឿង ​ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក,​ មិនគោរពសិទ្ធិ២លើក,​ ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់​ស្ដាំ១លើក និងប្រជែង១លើក​។

សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​នលើក២៦៩ បណ្ដាលឲ្យមនុស្សស្លាប់១៣៩នាក់ របួសធ្ងន់ចំនួន៣០៥នាក់ និងរងរបួសស្រាលចំនួន២២១នាក់៕