(មណ្ឌលគិរី)៖ ​លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ​អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន​កណ្ដាលនគរបាលព្រំដែន បានព្រមានធ្ងន់ៗដល់មន្ដ្រីណា ដែលពាក់ព័ន្ធជាមួយបទល្មើសធនធានធម្មជាតិ​ ត្រូវដកខ្លួនឲ្យឆ្ងាយជាបន្ទាន់ មុនថ្នាក់លើប្រើប្រាស់វិធានការក្ដៅ។

ថ្លែងព្រមានធ្ងន់ៗបែបនេះ របស់អគ្គស្នងរងខាងលើ ត្រូវបានធ្វើឡើង​ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រជុំនោះ ​ក៏មានការចូលរួមពី លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី, លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ, លោកស្នងការរង, នាយ-នាយរងការិយាល័យ, មេបញ្ជាការវរៈសេនាតូច, អធិការនគរបាលស្រុក, នាយប៉ុស្តិ៍ការពារព្រំដែន, នាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងមានលោកស្នងការនគរបាលខេត្តរតនគិរី និងខេត្តស្ទឹងត្រែងចូលរួមផងដែរ។

​ក្រៅពីការព្រមាននេះ អគ្គស្នងការរងនគរបាលជាតិ ក៏បានដាក់ចេញនូវវិធានការមួយចំនួនដូចជា​ ​ទី១៖ បន្តជំរុញការងារអនុវត្តសេចក្តីសម្រេចលេខ០៧១ អនុវត្តផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ, ទី២៖ លើកកំពស់ការគោរពវិន័យនិងអនុវត្តតួនាទីភារកិច្ច របស់កងកម្លាំងនគរបាល ដើម្បីចូលរួមអនុវត្តសារាចរណែនាំ ​ផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ជាការកត់សម្គាល់បទល្មើសធនធានធម្មជាតិ ជាពិសេសព្រៃឈើនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ត្រូវបានគេរាយការណ៍ថា បាននិងកំពុងកើតឡើងយ៉ាងខ្លាំង រហូតដល់ថ្នាក់ដឹកនាំមួយចំនួនត្រូវបាន គណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ បានកោះហៅដោយសង្ស័យមានការជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងនេះ៕