(ភ្នំពេញ)៖ ភ្លាមៗពីមានការលើកឡើងពីសំណាក់របស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ថា រូបលោកបានទទួលដីកាកោះហៅរបស់សាលាដំបូង រាជធានីភ្នំពេញរួចហើយនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ, ប៉ុន្តែលោកបានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា រឿងចូល ឬមិនចូលបំភ្លឺនៅតុលាការគឺទុកឲ្យអង្គភាពជាអ្នកសម្រេច។
លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំរឿងដល់តុលាការហើយ, ខ្ញុំនឹងបញ្ជូនដីការបស់សាលាដំបូងហ្នឹង ទៅកាន់អង្គភាពរបស់ខ្ញុំ ខ្ញុំរង់ចាំថាគេនឹងផ្តល់ឱវាទ បែបណា កោះហៅជាផ្លូវការរបស់ស្ថាប័នច្បាប់ ខ្ញុំងាកទៅស្តាប់អង្គភាព និងមេធាវី ថាតើមេធាវីនឹងផ្តល់ឱវាទខ្ញុំបែបណា»។
ឆ្លើយតបនឹងលើកឡើងនេះ, លោក គឹម សន្តិភាព បានថ្លែងព្រមានធ្ងន់ៗយ៉ាងដូច្នេះថា «ជាការទទួលខុសត្រូវរបស់បុគ្គល មិនពាក់ព័ន្ធនឹងអង្គភាព ឬមេធាវីនោះទេ ! បើមិនចូល គឺច្បាប់មានចែង ហើយតុលាការនឹងចាត់វិធានការបន្តទៅតាមច្បាប់ ! បើមិនចូលគឺមានន័យថា បោះបង់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់»!
សូមជំរាបថា នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរ ជាសាក្សី នេះបើយោងតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានយកដីកាកោះហៅលោក ជុង ច័ន្ទបុត្រ, តំណាងរាស្រ្ត ឡុង រី និងលោកស្រី មូរ សុខហួរ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស ទៅបិទនៅផ្ទះរៀងៗខ្លួន។
ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖
១៖ អញ្ជើញឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទប្រុស ជាជនសង្ស័យ ស្នាក់នៅវិទ្យុអាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
២៖ អញ្ជើញឈ្មោះ ឡុង រី ភេទប្រុស ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧០ ផ្លូវេលខ០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣៖ អញ្ជើញឈ្មោះ មូរ សុខហួរ ភេទស្រី ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤៣z៣៩ ផ្លូវលេខ៤៦៦ ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
សូមជំរាបថា កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចក្រឡាហោម បានសម្រេចមិនឲ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារ ពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៕