(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់បណ្តាញ​ព័ត៌មាន Fresh News ឲ្យដឹងថា ជនឈ្មោះ ឈឹម ពិសិដ្ឋ អាយុ ៥២ឆ្នាំ ជាមន្រ្តីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនហើយ ខណៈដែលមន្រ្តីផ្សេងទៀតមិនមានជាប់ពាក់ព័ន្ធឡើយ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអះអាងថា មន្រ្តីផ្សេងៗ​ទៀតនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនេះទេ បន្ទាប់មន្រ្តីជំនាញរបស់លោក​បានស៊ើបអង្កេតរួចរាល់យ៉ាងល្អិតល្អន់នោះ។

ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា៖ «ជនសង្ស័យត្រូវបានតុលាការ​សម្រេចចោទ​ប្រកាន់ហើយ ចំណែកមន្រ្តីផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធអំពើពុករលួយនេះទេ បន្ទាប់ពីមន្រ្តីជំនាញបាន​ស៊ើបអង្កេតសិក្សារួចហើយ  ហើយលិខិតដែលបានផ្ញើអញ្ជើញទៅកាន់មន្រ្តីផ្សេងៗទៀតនៅ CDC នោះ ក៏ត្រូវបានលុបចោលផងដែរ»

សូមជំរាបថា ជនសង្ស័យឈ្មោះ ឈឹម ពិសិដ្ឋ អាយុ ៥២ឆ្នាំ មានតួនាទីជាជំនួយការអគ្គលេខាធិការងម្នាក់ នៅ CDC ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនមកសាកសួរនាំ ហើយបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ហើយសម្រេចចោទប្រកាន់ និងឃុំខ្លួន៕