(ភ្នំពេញ)៖ តាមរយៈខ្សែវីដេអូខ្លីមួយក្នុងពេលចូលទៅសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់មន្រ្តីឆ្មាំពន្ធនាគារយ៉ាងច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ ជាសហការីរបស់លោក ពោលលោក ជុន ច័ន្ទបុត្រ មិនបានបង្ហាញអត្តសញ្ញាណរបស់លោកច្បាស់លាស់ ដូចដែលបានថ្លែងតាមបណ្តាញព័ត៌មានផ្សេងៗនោះឡើយ។
លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរី បានរងការចោទប្រកាន់ពីក្រសួងមហាផ្ទៃ និងខាងពន្ធនាគារថា បានបន្លំខ្លួនបោកប្រាស់ឆ្មាំពន្ធនាគារ ដោយ លោកបានព្យាយាមបកស្រាយថា លោកមិនបានបន្លំខ្លួនជាជំនួយការរបស់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទៅបោកប្រាស់មន្រ្តីពន្ធនាគារនោះឡើយ។
ប៉ុន្តែតាមរយៈវីដេអូនេះ, លោក ឡុង រី បាននិយាយបញ្ជាក់យ៉ាងច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ និងមនុស្សពីរនាក់ផ្សេងៗទៀត គឺជាសហការីរបស់លោក។
តាមរយៈវីដេអូនេះ ត្រូវបានសាធារណមតិលើកឡើងថា លោក ជុន ច័ន្ទបុត្រ មិនបាច់ខំបកស្រាយតាមសារព័ត៌មានថា ខ្លួនមិនបានបន្លំខ្លួនបោកប្រាស់ មន្រ្តីពន្ធនាគារទៀតនោះទេ។ សាធារណមតិបានលើកឡើងទៀតថា ប្រសិនបើលោក ជុន ច័ន្ទបុត្រ គ្មានបំណងបន្លំបោកប្រាស់មន្រ្តីពន្ធនាគារម៉ែននោះ តើហេតុអ្វីលោកមិនប្រកែក ហើយបង្ហាញប្រាប់ថា លោកជាអ្នកសារព័ត៌មាន នៅពេលលោក ឡុង រី ប្រាប់មន្រ្តីពន្ធនាគារថា ជាសហការី?
តាមរយៈវីដេអូបានបង្ហាញ លោក ជុន ច័ន្ទបុត្រ បានដើរចូលក្នុងក្របខណ្ឌជាជំនួយការ និងមានអាកប្បកិរិយាបិតបាំងអត្តសញ្ញាណខ្លួនថែមទៀត។ សកម្មភាពនេះ គឺបង្ហាញច្បាស់ថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំខ្លួនដើម្បីបានចូលទៅក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា ព្រោះតែសកម្មភាពបន្លំខ្លួននេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ តុលាការបានចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ឲ្យចូលខ្លួនទៅបំភ្លឺក្នុងនាម ជាជនសង្ស័យនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ខណៈលោក ឡុង រី និងលោកស្រី មូរ សុខហួរ ហៅឲ្យទៅបំភ្លឺក្នុងនាមសាក្សីនៅថ្ងៃទី២៧ និង២៨ ខែមេសា នេះ៕
ទស្សនាវិដេអូដែលលោក ឡុង រី និយាយច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ ជាសហការី៖