(ភ្នំពេញ)៖ បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមេសានេះថា រូបលោកបានទទួលដីកាកោះហៅរបស់ សាលាដំបូងរាជធានីភ្នំពេញរួចហើយ, ហើយលោកបាននិយាយថា រឿងចូល ឬមិនចូលបំភ្លឺនៅតុលាការ គឺទុកឲ្យមេធាវី និងអង្គភាពជាអ្នកសម្រេច ប៉ុន្តែនៅពេលនេះលោក ជុន ច័ន្ទបុត្រ បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិទ្យុអាស៊ីសេរីនៅវ៉ាស៊ីនតោន បានសម្រេចឈប់ឲ្យលោកឆ្លងឆ្លើយជាមួយអ្នកកាសែតទៀតហើយ។

ជុំវិញបញ្ហានេះ ត្រូវបានវិភាគដែលមានរហ្សសនាមថា ចៅចាក់ស្មុក លើកឡើងថា សេរីភាពនៃការបញ្ចេញមតិ ត្រូវបានបំបិទមាត់ចំពោះអ្នកកាសែត!? ឯណាទៅសេរីភាពនៃការបញ្ចេញមតិ? អ្នកកាសែតត្រូវបានបំបិទមាត់ មិនឲ្យនិយាយជាមួយអ្នកកាសែត ! វិទ្យុអាស៊ីសេរីធ្វើបែបនេះមិនសាកសមជាវិទ្យុដែលមាន វិជ្ជាជីវៈព័ត៌មាននោះទេ។

នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរ ជាសាក្សី នេះបើយោងតាមដីកាកោះហៅរបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖

១៖ អញ្ជើញឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទប្រុស ជាជនសង្ស័យ ស្នាក់នៅវិទ្យុអាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ (ចូលបំភ្លឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧)

២៖ អញ្ជើញឈ្មោះ ឡុង រី ភេទប្រុស ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧០ ផ្លូវេលខ០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ចូលបំភ្លឺថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧)

៣៖ អញ្ជើញឈ្មោះ មូរ សុខហួរ ភេទស្រី ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤៣z៣៩ ផ្លូវលេខ៤៦៦ ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ (ចូលបំភ្លឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧)។

សូមជំរាបថា កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចក្រឡាហោម បានសម្រេចមិនឲ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារ ពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៕

ទស្សនាវិដេអូដែលលោក ឡុង រី និយាយច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ ជាសហការី៖