(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថា រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលបានចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់នៅកម្ពុជានាពេលបច្ចុប្បន្នមានចំនួន ១១,១៦៨គ្រឹះស្ថាន ដោយបានផ្តល់ការងារជូនកម្មករ និយោជិតជាង ១.២លាននាក់ ក្នុងនោះមានស្រ្តីជាង ៨៣ម៉ឺននាក់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា រួមនិងកម្មករ និយោជិត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានគូសបញ្ជាក់ថា ក្នុងចំណោមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនេះ រោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួនសរុប ១,១០៧ គ្រឹះស្ថាន និងមានកម្មករនិយោជិតជាង ៧៤ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង ៦៤ម៉ឺននាក់។

លោក អ៉ិត សំហេង បានបន្ថែមថា តាមរយៈរោងចក្រ សហគ្រាស ទាំងអស់នេះ បានផ្តល់ប្រាក់ឈ្នួលជូនកម្មករ និយោជិត ជាមធ្យមជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែមដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជន ប្រមាណ ២លាននាក់។

លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឲ្យដឹងផងដែរថា តម្លៃសរុបនៃការនាំចេញផលិតផលផ្នែក កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនខ្ពស់ជារៀងរាល់ឆ្នាំដោយឡែកឆ្នាំ២០១៦ មានចំនួនប្រមាណជាង ៧,៣ពាន់លាន ដុល្លារអាមេរិក។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានយកចិត្ដទុកដាក់ដល់ការកែលម្អ ជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។ រយៈពេលជាង១១ឆ្នាំនេះ បានដំលើងប្រាក់ឈ្នួលអប្បបរមាជាបន្ដបន្ទាប់ ចំនួន១១លើក ហើយឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាបានដំឡើងពីចំនួន ១៤០ដុល្លារអាមេរិក ទៅ១៥៣ ដុល្លារអាមេរិក (កើន៩,៣%) ហើយបើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករ និយោជិតម្នាក់ៗ អាចទទួលបានប្រាក់ចំណូលពី១៧០ ដុល្លារអាមេរិក ទៅ១៨១ ដុល្លារអាមេរិក ក្នុងមួយខែ។

លោក អ៉ិត សំហេង បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតឱ្យកើនដល់១៦០ដុល្លារអាមេរិកយ៉ាងតិច និងប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរហូតដល់ ១លានរៀលយ៉ាងតិចនាឆ្នាំ២០១៨៕