(ប៉ៃលិន)៖ ទំនិញជាច្រើនមុខ ត្រូវបានសាខាកាំកុងត្រូលខេត្តប៉ៃលិន រកឃើញថា ខូចគុណភាពប្រើប្រាស់ ដែលអាចនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានផ្តាំផ្ញើនិងក្រើន រំលឹកដល់ប្រជាពលរដ្ឋកុំឲ្យប្រើប្រាស់អាហារខូចគុណភាព ឬទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះវាប្រឈមនិងហានិភាព ខ្ពស់ចំពោះសុខភាព និងងាយនាំឲ្យកើតជំងឺតម្កាត់ផ្សេងៗ។

ការក្រើនរំលឹករបស់លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យទំនិញខូចគុណភាព និងដកហូតទំនិញហួសសុពលភាព នៅភូមិផ្សាព្រំ ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែមេសា ម្សិលមិញនេះ។

លោកសាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការបង្កគ្រោះភ័យបណ្តាលមកពីទំនិញខូចគុណភាព ឬគ្មានគុណភាពនេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានចុះបិទផ្លាកសញ្ញាផលិតផលម្ហូបអាហារផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឲ្យយល់ដឹងជារៀង រាល់ខែ។ជាពិសេសចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលបរិច្ឆេត ប្រើប្រាស់ដែលដាក់តាំងលក់នៅតាមទីផ្សានានាទូទាំង ខេត្តប៉ៃលិនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូចគុណភាពយកទៅកម្ទេចចោល និងកុំឲ្យលក់នៅតាមទីផ្សារ។

«ផលប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកំណត់ប្រើប្រាស់ នាំឲ្យសុខភាពអ្នកប្រើប្រាស់មានជំងឺផ្សេងៗដូចជា រាករូស ក្អួតចង្អោរ ចុកពោះ និងអាចឈានដល់គ្រោះថ្នាក់ដល់អាយុជីវិត បើសង្គ្រោះមិនទាន់ដូច្នេះហើយ អាជីវករ ពិសេសប្រជាពលរដ្ឋ ដែលទិញទំនិញជារាងរាល់ថ្ងៃ ត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារមកទទួលទាន ឬលក់ដូរបន្តធ្វើយ៉ាងណាឲ្យ មានគុណភាព»។ លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា។

លោកប្រធានសាខាកាំកុងត្រូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ មុនទិញទំនិញ ឬអាហារផ្សេងៗមកទទួលទាន ត្រូវពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ និងផ្លាកសញ្ញាឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាពនៅតាមក្រុមគ្រួសារ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យទំនិញនាថ្ងៃម្សិលមិញនេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានរកឃើញទំនិញហួសសុពលភាព និងខូចគុណភាពជាច្រើនមានដូចជា៖ ទឹកក្រូចដបជ័រ មីកំប៉ុង មីកញ្ចប់ នំសណ្តែងបំពង ទឹកម្ទេស និងទឹកសៀង។

ក្រោយរកឃើញទំនិញខូចគុណភាពនេះ លោក សាន វិជ្ជាំសារ៉ាវុធ បានពន្យល់ណែនាំដល់អាវជីករ ឲ្យចេះពិនិត្យចំពោះទំនិញហួស សុពលភាព និងក្លែងក្លាយ ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញ មិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ដែលធ្វើ ឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ៕