(កណ្តាល)៖ ពិតជាគួរឲ្យរន្ធត់ណាស់! ជនដៃដល់ម្នាក់ដោយសារតែខឹង ចូលស្តីកូនក្រមុំមិនបាន ស្រាប់តែចូលទៅកាប់​ឪពុក-ម្តាយខាងស្រី បណ្តាលឲ្យស្លាប់ឪពុក ខណៈម្តាយរងរបួសធ្ងន់។ ហេតុការណ៍ដ៏តក់ស្លុតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះជាឪពុកឈ្មោះ ឡូញ លុន អាយុ៦២ឆ្នាំ មុខរបរកសិករ។ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹងលង់លក់ ក៏ត្រូវបានជនសង្ស័យកាប់ត្រូវចំនួន៤ដាវ​ (កាប់ត្រូវក្បាលចំនួន១ដាវ កាប់ត្រូវពោះ១ដាវធ្លាយពោះវៀន កាប់ត្រូវដើមទ្រូងចំនួន១ដាវ និងកាប់ត្រូវកដៃចំនួន១ដាវ) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
ដោយឡែក ស្រ្តីជាម្តាយឈ្មោះ វ័រ រ៉ៃ អាយុ៦០ឆ្នាំ មុខរបរកសិករ។ ខណៈកំពុងដេកលក់លើជាមួយប្តី ក៏ត្រូវជនសង្ស័យកាប់ត្រូវចំនួន២ដាវ (កាប់ត្រូវពោះខាងឆ្វេង ចំនួន១ដាវ បណ្តាលឲ្យធ្លាយពោះវៀន កាប់ត្រូវស្មាខាងស្តាំចំនួន១ដាវ និងត្រូវត្រចៀកស្តាំ១ដាវ(រងរបួសធ្ងន់)។

សម្រាប់ឃាតកឈ្មោះ សួន ឧត្តរា អាយុ៣៥ឆ្នាំ ស្រុកកំណើត ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅផ្ទះលេខ៤៩ ផ្លូវ​លំ ភូមិទ្រា  សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តែយ៉ាងណាក៏ដោយ បើតាមលោក ជុន វណ្ណី ក្រោយពីបង្កហេតុ ជនដៃដល់ត្រូវបានប្រជាពលរដ្ឋចាប់ និងព្រួតគ្នាវាយសម្លាប់ចោលនៅកន្លែងកើតហេតុតែម្តង។

មេបញ្ជាការអាវុធហត្ថស្រុកកណ្តាលស្ទឹង បានបន្តថា ជនសង្ស័យស្រឡា​ញ់ ​និងចូលស្តីដណ្តឹងកូន​ស្រី ជនរងគ្រោះមិនបាន ដោយជនសង្ស័ យមានប្រពន្ធរួចមកហើយ។ ជនរងគ្រោះក៏ធ្លាប់មកប្តឹង (ផ្ទាល់មាត់)​នៅសមត្ថកិច្ចប៉ុស្តិ៍ឃុំរការួចហើយដែរ។ តែមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានយកដាវដែកមកកាប់ ឪពុក-ម្តាយ ជនរង​គ្រោះ ​បណ្តាលឲ្យស្លាប់ឪពុក និងម្តាយរងរបួសធ្ងន់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី ខណៈម្តាយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យភ្នំពេញ(ពេទ្យរុស្សី) ដោយឡែកសាកសពជនសង្ស័យសមត្ថកិច្ច អ.ហ និងន.ប កំពុងចាត់ការតាមនីតិវិធី៕