(ភ្នំពេញ)៖ ដោយសំលឹងឃើញ កម្ពុជាមានវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៣៩កន្លែងផ្ទាល់ខ្លួននោះ គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បីស្នើបង្កើតឲ្យមានការទទួលស្គាល់ស្ដង់ដារអប់រំបណ្ដុះបណ្ដាលរួមគ្នា ជាមួយកម្ពុជា។

ជំនួបពិភាក្សានេះ ធ្វើឡើងរវាងលោករដ្ឋមន្រ្តី អ៊ិត សំហេង ជាមួយលោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការងារ ដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សា លើមុខជំនាញអេឡិចត្រូនិច និងព័ត៌មានវិទ្យានៅទីក្រុងពៃហៃ ប្រទេសចិន។

នាឱកាសនោះ លោកសាស្ត្រចារ្យ Gu Tian Long បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ Guilin ជាមួយក្រសួងការងារកម្ពុជា ចំនួន៥ចំណុច រួមមាន៖

១៖ បង្កើតកិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សា នៅទីក្រុងពៃហៃ នៃតំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន ដើម្បីកំណត់មូលដ្ឋាននៃកម្មវិធីសិក្សា សម្រាប់សិស្ស-និស្សិតអន្តរជាតិ នៅទីក្រុងពៃហៃនេះ។
២៖ ស្នើអញ្ជើញថ្នាក់ដឹកនាំនៃក្រសួងការងារកម្ពុជា ចូលរួមក្នុងវេទិកា និងការតាំងពិព័រណ៍ស្តីពី «CHINA-ASEAN VOCATIONAL EDUCATION» នៅទីក្រុងពៃហៃ។
៣៖ ពិភាក្សាពីលទ្ធភាព ក្នុងការបង្កើត កម្មវិធីបណ្តុះបណ្តាលមួយ ដែលមានការទទួលស្គាល់រួមគ្នា (Jointly degree program) ជាមួយកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET)។
៤៖ ពិភាក្សាពីលទ្ធភាព ក្នុងការបង្កើត Electronic and Telecommunication Vocational Identification Service Centre។
5៖ ពិភាក្សាពីលទ្ធភាព ក្នុងការបង្កើត Innovation Center នៅកម្ពុជា។

ឆ្លើយតបនឹងសំណើខាងលើ លោករដ្ឋមន្រ្តីក៏បានយល់ព្រម លើកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin និងក្រសួងការងារកម្ពុជា ផងដែរ ដើម្បីពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត។

ក្រសួងការងារសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការទាំង៥ រវាងសាកលវិទ្យាល័យ Guilin និងក្រសួងការងារខាងលើនេះ ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាពរវាង គ្នានិងគ្នា កាន់តែជិតស្និទ្ធ ជាពិសេសរីកចម្រើនលើគ្រប់វិស័យ។

សូមជម្រាបថា ក្រសួងការងារមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣៩កន្លែង ហើយភាគីចិនអាចធ្វើកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានណាមួយក៏បាន ក្នុងចំណោមនោះ  ខណៈប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាព ដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាបានចាត់ទុកចិនជាមិត្តយុទ្ធសាស្រ្ត៕