(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនរាល់ភស្តុតាង ទាក់ទង និងបទល្មើសគ្រឿងញៀន រួមទាំងជនល្មើសទៅតុលាការ ចៀសវាងការរក្សាទុកដែលធ្វើឲ្យប៉ះពាល់ ដល់នីតិវិធីដំណើរការរឿងក្តីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចបានបង្ក្រាបបាន។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «មន្ទីរប្រឆាំងគ្រឿងញៀន ត្រូវធ្វើការជម្រះរាល់ភស្តុតាង ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលតុលាការបានផ្ញើ ទុកកន្លងមក គឺត្រូវដោះស្រាយឲ្យបានច្បាស់លាស់»

នាយឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា ការរក្សាទុកភស្តុតាងពាក់ព័ន្ធនឹងបទល្មើសគ្រឿនរបស់សមត្ថកិច្ចនេះ គឺមិនមែនខុសនោះទេ ដោយសារតែពេលសមត្ថកិច្ចបញ្ជូនទៅតុលាការ តុលាការក៏បញ្ជូនត្រឡប់ឲ្យសមត្ថកិច្ចរក្សាទុកវិញ ក្រោមហេតុផលថា ខ្វះកន្លែងក្នុងការរក្សាទុក។ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅត្រូវបញ្ជូនវត្ថុតាងពាក់ព័ន្ធនឹងគ្រឿងញៀន ទៅតុលាការជាដាច់ខាត។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ និងនីតិវិធី គឺត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ដោយត្រូវមានបញ្ជីស្នាមត្រឹមត្រូវ ដើម្បីធ្វើការជម្រះជាមួយព្រះរាជអាជ្ញ និងតុលាការ។ យោងតាមច្បាប់សមត្ថកិច្ច ត្រូវមើលសាលក្រមចំពោះការសម្រេចរបស់តុលាការពាក់ព័ន្ធ និងបទល្មើសគ្រឿងដោយត្រូវប្តឹងទៅតុលាការដើម្បីរឹបអូស អចលនទ្រព្យណាដែលពាក់ព័ន្ធនិងគ្រឿងញៀនដោយដកហូតជាសម្បត្តិរដ្ឋផងដែរ»

សូមបញ្ជាក់ថា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ដែលត្រូវប្រកាសមុខតំណែងមានដូចជា៖ ១.ឧត្តមសេនីយ៍ទោ ហង្ស សុផាណារ៉ា ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ២.ឧត្តមសេនីយ៍ទោ សែម ស៊ុនដារ៉ា ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ៣.លោកវរសេនីយ៍ឯក ហេង សុផន ជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ៤.ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ជាប្រធាននាយកដ្ឋាននគរបាលការពារ, ៥.ឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

ចំណែកការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ឯក មានដូចជា៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន០១រូប គឺលោកវរសេនីយ៍ឯក ហេង សុផន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។

ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន៤រូប មានដូចជា៖ ១.លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, ២.លោកឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ, ៣.លោកឧត្តមសេនីយ៍ត្រី សែម សុតាន់ ប្រធានអង្គភាពតម្រួតបទបញ្ជា, ៤.លោកឧត្តមសេនីយ៍ត្រី សែម ស៊ុនដារ៉ា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

ថ្នាក់ឧត្តមសេនីយ៍ឯកចំនួន០១រូប គឺឧត្តមសេនីយ៍ទោ ហង្ស សុផាណារ៉ា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌៕