(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងការណ៍ ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្ត ការឃុំខ្លួនមុនសវនាការ លើបុគ្គលិករបស់សមាគមអាដហុក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បីមួយ គឺបុគ្គលិកដែលមានឈ្មោះ លឹម មុនី ណៃ វ៉ុងដា នី សុខា និងយី សុខសាន ព្រមទាំងលើលោក នី ចរិយា ដែលជាអតីតបុគ្គលិករបស់សមាគមអាដហុក។
អ្នកទាំង៥ នាក់ត្រូវបានឃុំខ្លួនដោយគ្មានសវនាការ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យើងកត់សំគាល់ដោយក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ នៃការបន្តឃុំខ្លួននេះ ទៅលើគ្រួសារនៃអ្នកជាប់ឃុំ និងការពន្យាពេលបើកសវនាការ ដោយគ្មានហេតុផលត្រឹមត្រូវ។ យើងក៏បានកត់សំគាល់ផងដែរ ពីទស្សនៈរបស់ក្រុមការងារ នៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំខ្លួនតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ គឺជាការធ្វើតាមតែអំពើចិត្ត។ សហរដ្ឋអាមេរិកសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឲ្យ បានហ្មត់ចត់នូវអនុសាសន៍ទាំងនេះ ហើយគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងរឿងនេះ»។
នៅពេលបន្តិចទៀត អង្គភាពព័ត៌មាន Fresh News នឹងសុំការឆ្លើយតបពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជុំវិញការចេញសេចក្តីថ្លែងការណ៍នេះ។
សូមជំរាបថា នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កំពុងជ្រៀតជ្រែក និងរំលោភកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពាក់ព័ន្ធការឃុំខ្លួនមន្រ្តីសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពាវនាវឲ្យមានការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤រូប រួមមាន៖ លោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា និងលោក យី សុខសាន រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្រ្តីអង្គការអាដហុកផងដែរនោះ។
ក្រសួងការបរទេស បានសម្តែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបថា កំពុងជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈសំណុំរឿងនេះគឺជាការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជាសុទ្ធសាធ។ ក្រសួងការបរទេសកម្ពុជា បានស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គោរពឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយ៉ែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ តុលាការបានសម្រេចពន្យារសវនាការជំនុំជម្រះក្តីរយៈពេល៦ខែបន្តទៀតទៅលើសំណុំរឿង មន្រ្តីអង្គការសិទ្ធមនុស្សអាដហុកទាំង ៤រូប រួមនិងលោក នី ចរិយា។
មន្រ្តីសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងកញ្ញា ឃុម ច័ន្ទតារាទី ហៅស្រី មុំ៕