(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញសេចក្តីប្រកាសគាំទ្រ សេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុបនិងការិយាល័យ នៃឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប ភ្លាមៗនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានហៅសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ថាជាទង្វើជ្រៀតជ្រែក និងលូកលាន់កិច្ចការផ្ទៃរបស់កម្ពុជា ហើយអះអាងថា កម្ពុជាជាប្រទេសឯករាជ្យ គ្មាននរណាម្នាក់ចូលមកជ្រៀកជ្រែកក្នុងកិច្ចការតុលាការកម្ពុជាបានឡើយ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា វាជាការជ្រៀតជ្រែក និងលូកលាន់ដល់កិច្ចការរបស់តុលាការកម្ពុជា ទី១៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួចរាល់ហើយ ថាហេតុអ្វីនៅមានការឃុំខ្លួនបន្តទៀត មូលហេតុគឺកម្ពុជាគោរពសិទ្ធិបុគ្គលដែលទាមទារឲ្យមានការវិនិច្ឆ័យក្តីឲ្យមានភាពយុត្តិធម៌ នៃដំណើរការរបស់ តុលាការកម្ពុជា។
«ករណីនេះបានដាក់បន្តទៅកាន់សាលាឧទ្ធរណ៍ ដូច្នេះនេះជាសិទ្ធិរបស់ជនជាប់ចោទ ដូចនេះកម្ពុជាត្រូវគោរពពួកគាត់ ខ្ញុំជឿជាក់ថា ទាំងអស់គ្នានឹងដឹង នឹងយល់តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសឯករាជ្យ និងអធិបេតយ្យភាព ដែលគ្មាននរណាម្នាក់ចូលមកជ្រៀកជ្រែកកិច្ចការតុលាការ កម្ពុជាបានឡើយ។ ដូចនេះសំណូមពរសូមឲ្យគោរពប្រទេសកម្ពុជា ជាប្រទេសដែលមានឯករាជ្យ និងជាប្រទេសកំពុងអនុវត្តនីតិរដ្ឋ ដូច្នេះខ្ញុំជឿជាក់ថា កម្ពុជា តែងតែទទួលបានការទុកចិត្ត និងចូលរួមសហការដើម្បីអភិវឌ្ឍន៍អ្វីទៅដែលថា នីតិរដ្ឋនៅកម្ពុជា ហើយការឃុំខ្លួននេះ គឺជាការធ្វើឡើងដោយគោរព ទៅតាមនីតិរដ្ឋ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃ ឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងការណ៍ ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្ត ការឃុំខ្លួនមុនសវនាការ លើបុគ្គលិករបស់សមាគមអាដហុក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បីមួយ គឺបុគ្គលិកដែលមានឈ្មោះ លឹម មុនី ណៃ វ៉ុងដា នី សុខា និងយី សុខសាន ព្រមទាំងលើលោក នី ចរិយា ដែលជាអតីតបុគ្គលិករបស់សមាគមអាដហុក។
អ្នកទាំង៥ នាក់ត្រូវបានឃុំខ្លួនដោយគ្មានសវនាការ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យើងកត់សំគាល់ដោយក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ នៃការបន្តឃុំខ្លួននេះ ទៅលើគ្រួសារនៃអ្នកជាប់ឃុំ និងការពន្យាពេលបើកសវនាការ ដោយគ្មានហេតុផលត្រឹមត្រូវ។ យើងក៏បានកត់សំគាល់ផងដែរ ពីទស្សនៈរបស់ក្រុមការងារ នៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំខ្លួនតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ គឺជាការធ្វើតាមតែអំពើចិត្ត។ សហរដ្ឋអាមេរិកសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឲ្យ បានហ្មត់ចត់នូវអនុសាសន៍ទាំងនេះ ហើយគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងរឿងនេះ»។
ប៉ុន្តែនៅពេលនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ថាជាទង្វើជ្រៀតជ្រែត និងលូកលាន់កិច្ចការផ្ទៃក្នុង និងសុំឲ្យគោរពសិទ្ធកម្ពុជាផង។
សូមជំរាបថា នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ពាក់ព័ន្ធនឹងសេចក្តីថ្លែងរបស់សហព័ន្ធអ៉ឺរ៉ុប, ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កំពុងជ្រៀតជ្រែក និងរំលោភកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពាក់ព័ន្ធការឃុំខ្លួនមន្រ្តីសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពាវនាវឲ្យមានការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤រូប រួមមាន៖ លោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា និងលោក យី សុខសាន រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្រ្តីអង្គការអាដហុកផងដែរនោះ។
ក្រសួងការបរទេស បានសម្តែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបថា កំពុងជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈសំណុំរឿងនេះគឺជាការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជាសុទ្ធសាធ។ ក្រសួងការបរទេសកម្ពុជា បានស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គោរពឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយ៉ែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ តុលាការបានសម្រេចពន្យារសវនាការជំនុំជម្រះក្តីរយៈពេល៦ខែបន្តទៀតទៅលើសំណុំរឿង មន្រ្តីអង្គការសិទ្ធមនុស្សអាដហុកទាំង ៤រូប រួមនិងលោក នី ចរិយា។ មន្រ្តីសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងកញ្ញា ឃុម ច័ន្ទតារាទី ហៅស្រី មុំ៕