(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្ដិភាព ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News​ ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ថា ​សហរដ្ឋអាមេរិកគួរពិចារណាឲ្យបានជ្រៅជ្រះជាងនេះ ជៀសវាងជឿនូវសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋានគតិយុត្តិ គ្មានភាពប្រាកដនិយម និងគ្មានយុត្តាធិការ ហើយលោកបានចាត់ទុកថា សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ​កំពុងជ្រៀតជ្រែក និងរំលោភកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពាក់ព័ន្ធការឃុំខ្លួន មន្រ្តីសិទ្ធិមនុស្ស។

​​លោក គឹម សន្ដិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាមេរិកគួរពិចារណាឲ្យបានជ្រៅជ្រះជាងនេះ ជៀសវាងជឿនូវសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន គតិយុត្តិ គ្មានភាពប្រាកដនិយម និងគ្មានយុត្តាធិការបែបនេះ»។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍​ដែលចេញដោយ​សហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប​, នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ​ភ្លាម​ៗបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រលើសេចក្តីថ្លែងការណ៍, ​​មន្រ្តី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​លោក ​ផៃ ​ស៊ី​ផាន ​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ​ថា​ជា​ទង្វើ​ជ្រៀតជ្រែក ​និង​លូកលាន់​កិច្ចការ​ផ្ទៃ​របស់​កម្ពុជា ​ហើយ​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ​គ្មាន​នរណា​ម្នាក់​ចូល​មក​ជ្រៀ​ក​ជ្រែក​ក្នុង​កិច្ចការ​តុលាការ​កម្ពុជា​បាន​ឡើយ​។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាន​អះអាងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា វាជាការជ្រៀតជ្រែក និងលូកលាន់ដល់កិច្ចការរបស់តុលាការកម្ពុជា ទី១៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍​រួចរាល់ហើយ ថាហេតុអ្វីនៅមានការឃុំខ្លួនបន្តទៀត មូលហេតុគឺកម្ពុជាគោរពសិទ្ធិបុគ្គលដែលទាមទារឲ្យមានការវិនិច្ឆ័យក្តីឲ្យមានភាពយុត្តិធម៌ នៃដំណើរការរបស់ តុលាការកម្ពុជា។

​ករណីនេះបានដាក់បន្តទៅកាន់សាលាឧទ្ធរណ៍ ដូច្នេះនេះជាសិទ្ធិរបស់ជនជាប់ចោទ ដូចនេះកម្ពុជាត្រូវគោរពពួកគាត់ ខ្ញុំជឿជាក់ថា ទាំងអស់គ្នានឹងដឹង នឹងយល់តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសឯករាជ្យ និងអធិបេតយ្យភាព ដែលគ្មាននរណាម្នាក់ចូលមកជ្រៀកជ្រែកកិច្ចការតុលាការ កម្ពុជាបានឡើយ។ ដូចនេះសំណូមពរសូមឲ្យគោរពប្រទេសកម្ពុជា ជាប្រទេសដែលមានឯករាជ្យ និងជាប្រទេសកំពុងអនុវត្តនីតិរដ្ឋ ដូច្នេះខ្ញុំជឿជាក់ថា កម្ពុជា តែងតែទទួលបានការទុកចិត្ត និងចូលរួមសហការដើម្បីអភិវឌ្ឍន៍អ្វីទៅដែលថា នីតិរដ្ឋនៅកម្ពុជា ហើយការឃុំខ្លួននេះ គឺជាការធ្វើឡើងដោយគោរព ទៅតាមនីតិរដ្ឋ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ»។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃ ឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងការណ៍ ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្ត ការឃុំខ្លួនមុនសវនាការ លើបុគ្គលិករបស់សមាគមអាដហុក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បីមួយ គឺបុគ្គលិកដែលមានឈ្មោះ លឹម មុនី ណៃ វ៉ុងដា នី សុខា និងយី សុខសាន ព្រមទាំងលើលោក នី ចរិយា ដែលជាអតីតបុគ្គលិករបស់សមាគមអាដហុក។

អ្នកទាំង៥ នាក់ត្រូវបានឃុំខ្លួនដោយគ្មានសវនាការ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យើងកត់សំគាល់ដោយក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ នៃការបន្តឃុំខ្លួននេះ ទៅលើគ្រួសារនៃអ្នកជាប់ឃុំ និងការពន្យាពេលបើកសវនាការ ដោយគ្មានហេតុផលត្រឹមត្រូវ។ យើងក៏បានកត់សំគាល់ផងដែរ ពីទស្សនៈរបស់ក្រុមការងារ នៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំខ្លួនតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ គឺជាការធ្វើតាមតែអំពើចិត្ត។ សហរដ្ឋអាមេរិកសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឲ្យ បានហ្មត់ចត់នូវអនុសាសន៍ទាំងនេះ ហើយគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងរឿងនេះ»៕