(ភ្នំពេញ)៖ យោងតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី១១ ខែ ឧសភា ឆ្នាំ២០១៧ ក្រុមការងារចុះត្រួតពិនិត្យរបស់នាយកដ្ឋាន កិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ ដឹកនាំដោយ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ មួយចំនួនដែលមានទីតាំងនៅ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ និងទប់ស្កាត់ការកែ្លងបន្លំ។

លោក គឿន ភិរុណ បានឲ្យដឹងថា ការពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជា ធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង ២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super(95)និងRegular(92)។

ជាលទ្ធផលនៃការត្រួតពិនិត្យ គុណភាព ប្រេងឥន្ធនៈរបស់ស្ថានីយទាំង ០៣កន្លែង មានអនុលោមភាពផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ ដែលបង្ហាញពីភាពសុចរិតរបស់ក្រុមហ៊ុន ក្នុងសកម្មភាពធុរៈកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាននឹងបន្តធើ្វការត្រួត ពិនិត្យអោយបាន គ្រប់ស្ថានីយទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋាន កាំកុងត្រូលដើម្បីបង្ហាញពីគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ខ្លួនជូនអតិថិជន។

លោក គឿន ភិរុណ អំពាវនាវដល់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ទាំងអស់សូមប្រុងប្រយ័ត្ន ត្រូវជ្រើសរើសស្ថានីយប្រេងឥន្ធនៈដែលទុកចិត្ត ប្រើប្រាស់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ពិនិត្យមើលលើកុងទ័រចាប់ពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការ នៃលេខម៉ូទ័ររហូតដល់ ចំនួនលីត្រចុងក្រោយដែលបានស្នើ ព្រោះវាត្រូវសើ្មនឹងតម្លៃប្រេងដែលត្រូវចំណាយ។

ប្រសិនបើមានហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈ ដែលបានជួបប្រទះ ក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888 ៕