(កំពង់ចាម)៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញឥរិយាបថសប្បាយរីករាយ និងសាទរយ៉ាងខ្លាំងចំពោះទឹកចិត្ត និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលឃើញការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ និងបេតុងមួយខ្សែ ប្រវែង២០គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចផ្ទាល់ ផ្តល់ជូនប្រជាពលរដ្ឋកាលពីឆ្នាំ២០១៦ កន្លងទៅ បានចាប់ផ្ដើមដំណើរការ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។

ការចាប់ដំណើរការសាងសង់ផ្លូវនេះ ត្រូវបានចុះពិនិត្យផ្ទាល់ដោយលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងបានសំណេះសំណាលជាមួយ ប្រជាពលរដ្ឋផងដែរ ក្នុងគោលបំណងត្រួតពិនិត្យ និងពន្លឿនសកម្មភាពសាងសង់ ឲ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ២០០នាក់ នៅក្នុងភូមិទូរីក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ លោកអភិបាលខេត្តបានឲ្យដឹងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដែលជាស្នូលនៃការអភិវឌ្ឍប្រទេសជាតិ សមិទ្ធផលមហាសាលជាប្រវត្តិសាស្ត្រ​ សម្រាប់ស្រុកស្រីសន្ធរ ត្រូវបានលេចជារូបរាងឡើង។ ជាក់ស្ដែង ផ្លូវថ្មីមួយខ្សែនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅយ៉ាងពិតប្រាកដ ពិសេសប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរនេះតែម្តង។

លោកអភិបាលខេត្ត លប់ លឹមថៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសម្របសម្រួល និងជួយថែរក្សាទ្រព្យសម្បត្តិដ៏មានតម្លៃនេះ សម្រាប់ជាប្រយោជន៍រួមតទៅមុខ ឲ្យបានយូរអង្វែង។ ក្រៅពីសមិទ្ធផលផ្លូវនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចកសាង នូវសមិទ្ធផលធំៗជាច្រើនទៀត ក្នុងខេត្តកំពង់ចាម រួមមាន ស្ពានកោះប៉ែន ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ អគារសាលារៀន ផ្លូវកៅស៊ូ និងសមិទ្ធផលនានាជាច្រើនទៀត ដែលសមិទ្ធផលទាំងនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម កាន់តែមានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល ប្រកបដោយការភាពសុខដុមរមនា។  

លើសពីនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឲ្យបានគ្រប់ៗ៕