(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ រួមដំណើដោយលោកមេបញ្ជាការរង នាយរងសេនាធិការសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមទ្ទីរ លោក លោកស្រីនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានស្រុករមាសហែកជាច្រើនរូប នាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងឃុំគគីរ ស្រុករមាសហែក ដែលមានចំនួន២៨គ្រួសារ ដែលមានជីវភាពជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងពិធីនេះក៏មានការ អញ្ជើញចូលរួមពីលោកអភិបាលរងស្រុករមាសហែក លោក លោកស្រីក្រុមប្រឹក្សាឃុំគគីរផងដែរ។

សម្ភារ និងអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនេះរួមមាន៖ អង្ករចំនួន២បាវ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអៀវ១យូរ, ត្រីខកំប៉ុង១យួរ,ស្ករស ២គីឡូ, ប៊ីចេង២គីឡូ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ។

បន្ទាប់ពីចែកអំណោយជូនប្រជាពលរដ្ឋរួច លោកមេបញ្ជាការ បានអញ្ជើញទៅពិនិត្យសំណង់ឧបដ្ឋានសាលានៅក្នុងវត្តគគីរ ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបានទៅ ពិនិត្យកំពង់ចម្លងមួយកន្លែង នៅជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលនាយឧត្តមសេនីយ៍ មានគំរោងស្ថាបនាស្ពានជូនប្រជាពលរដ្ឋឆ្លងកាត់ ដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងឆ្លងទូកដរដ៍តូចមួយ៕