(តាកែវ)៖ ក្នុងគោលបំណងស្វែងយល់ពីអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន លោកស្រី កុយ ពិសី ប្រធានក្រុមការងារ ថ្នាក់កណ្តាល របស់គណបក្សប្រជាជន ចុះជួយឃុំព្រៃអំពក និងសហការី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ដើម្បីចូលរួម​ដោះស្រាយការលំបាករបស់ពួកគាត់។

នៅក្នុងឱកាសសួរសុខទុក្ខនោះ លោកស្រី កុយ ពិសី បានជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានកាន់តែច្រើន ថែមទៀត។ ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងអំពីការខិតខំ​របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាថែរក្សាសន្តិភាព កុំឱ្យធ្លាក់ដុនដាប់ដូច កម្ពុជាកាលពីអតីតកាល និង ដូចប្រទេសមួយចំ​នួននៅមជ្ឈឹមបូព៌ាសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី កុយ ពិសី ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខ។ លោកស្រី បានលើកឡើងថា មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលជាអ្នកផ្តល់ភាពកក់ក្តៅ និងសន្តិសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ។

នាអំឡុងពេលនោះ លោកស្រី និងក្រុមការងារក៏បានចុះទៅសួរសុខទុក្ខស្រ្តីកើតជំងឺដំបៅដោះធ្ងន់ធ្ងរ២រូប ដែលទើបបានធូរស្រាលចេញមកពីមន្ទីពេទ្យ ព្រមទាំងបាននាំយកថវិកាមួយចំនួន ដែលបានការជួយឧបត្ថម្ភពីសប្បុរសជន ទៅជូនស្រ្តីទាំងពីរនាក់នោះផងដែរ៕