(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh Newsថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់អស់ហើយ គ្មានបញ្ហាចោទនោះទេ។ លោក ហង្ស ពុទ្ធាបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទឹកខ្មៅលុបជ្រះ គ្មានឥទ្ធិពលដល់ការបោះឆ្នោតទេ គ.ជ.ប នៅតែមានយន្តការជាច្រើនទៀត ដែលអាចធានាការ បោះឆ្នោតដោយសេរី និងយុត្តិធម៌បាន។
លោក ហង្ស ពុទ្ធា បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែល គ.ជ.ប ពិសោធន៍ឃើញថា លុបជ្រះ បានយកទៅឲ្យក្រុមហ៊ុន ធ្វើទឹកថ្នាំនោះ ពិសោធន៍ជាថ្មី ចំនួនហ្នឹងគឺតិចតួចទេ ដែលពិសោធន៍ឃើញថា លុបជ្រះ ក្រោយពីបញ្ចូនទៅឲ្យក្រុមហ៊ុន វិញ យើងបានពិសោធន៍ទឹកខ្មៅដែលឥណ្ឌា បញ្ចូនមកកម្ពុជា អាចំនួនច្រើនហ្នឹងមកវិញ គឺបានពិសោធន៍ឃើញថា មិនអាចលុបជ្រះបានទេ»។
លោក ហង្ស ពុទ្ធា បានបន្តថា «ក្រោយមានការពិសោធន៍ឃើញបែបនេះ គ.ជ.ប នឹងប្រើវិធានការតឹងរឹងជាងមុន ដែលធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសរី និងយុត្តិធម៌ គឺមនុស្សម្នាក់មិនអាចបោះឆ្នោត២ដងបាននោះទេ ក្រៅពីនោះក៏មានការផ្ទៀតផ្ទាត់ត្រឹមត្រូវ គ្មានឈ្មោះស្ទួនជាដើម។ បច្ចុប្បន្ននេះបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចរាល់ ហើយសម្រាប់ទឹកថ្នាំដែលនៅសល់ស្ទើរតែ១០០ភាគរយនោះ ក៏បានពិសោធន៍រួចរាល់ ហើយដែល តែលទ្ធផលបានបញ្ជាក់ថា ទឹកថ្នាំរបស់ប្រទេសឥណ្ឌាភាគច្រើននោះគឺមិនអាចលុបជ្រះឡើយ»។
ការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប បានធ្វើឡើងក្រោយពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាទឹកខ្មៅលុបជ្រះ ក្រោយមានការពិសោធន៍របស់គ.ជ.ប កាលពីពេលថ្មីៗនេះ។
លោកបានបន្តថា បើទោះបីជាទឹកខ្មៅលុបជ្រះ ឬមិនល្អក៏ដោយ គ.ជ.ប នឹងរក្សាឲ្យបាននូវនិរន្តភាព នៃការបោះឆ្នោតឲ្យទាន់តែបាន។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ គ.ជ.ប នឹងអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ រួមមានគណបក្សនយោបាយ សង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងអស់ ឲ្យចូលរួមនៅក្នុងពិធីពិសោធន៍ទឹកខ្មៅដែលនាំយកពីប្រទេសឥណ្ឌាផងដែរ។ ជាមួយគ្នានោះ លោកសូមសំណូមពរដល់ភាគី ចូលរួមទាំងអស់យកធាតុផ្សំ ឬសារធាតុណាក៏ដោយ ដែលគិតថាអាចពិសោធន៍ជាមួយទឹកខ្មៅ ហើយលុបជ្រះអាចយកមកពិសោធន៍បានតាមការគួរ។
គួរបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃពលរដ្ឋ នៅពេលបោះឆ្នោតនោះ គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌា និងបានបញ្ចូនមកដល់ប្រទេសកម្ពុជា រួចរាល់ហើយ ចំនួន៤៦៥០០ដប ក្នុងទំហំទឹកប្រាក់៧៩៣២៤០ដុល្លារអាមេរិក។ គំរូទឹកថ្នាំពណ៌ខ្មៅ ដែល គ.ជ.ប គ្រោងនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ខាងមុខនេះ។ គ.ជ.ប មានគម្រោងនឹងបញ្ជាទិញទឹកខ្មៅនេះ ពីបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសឥណ្ឌា ប្រទេសដាណឺម៉ាក និងប្រទេសចិនជាដើម៕