(ភ្នំពេញ)៖ សត្វសុនខ១ក្បាល ធាត់ក្រអាញបានបញ្រ្ជៀតចូលវេទិការសេដ្ឋកិច្ចពិភពលោកនៅភ្នំពេញ ដោយជោគជ័យ បើទោះបីជាមានកំលាំងសន្តិសុខ យាមកាមយ៉ាងតឹងរឹងយ៉ាងណាក៏ដោយ ធ្វើឲ្យអ្នកចូលរួមជិត១ពាន់នាក់មានការភ្ញាក់ផ្អើល។
សត្វសុនខ១ក្បាលនេះពិតជាមិនធម្មតាមែន ព្រោះតែអភ័យឯកសិទ្ធអាចឆ្លងកាត់កំលាំងសន្តិសុខពាសពេញ សណ្ឋាគារសុខាភ្នំពេញ និងអាចឆ្លងកាត់ម៉ាស៊ីនស្កែន រហូតដល់បីដំណាក់កាល មុនចូលដល់កន្លែងវេទិការប្រជុំខាងក្នុង។
អ្នកសារព័ត៌មានមិនតិចទេ ឈឺក្បាលនឹងសន្តិសុខបរទេស ដែលបានទាមទារផ្តាច់មុខ(ផ្នែកខាងក្នុង) ព្រោះតែដើម្បីការពារសុវត្ថិភាពប្រតិភូជាង៧០០រូប ដែលសុទ្ធតែជាមនុស្សសំខាន់ៗមកពី៤០ប្រទេស។
អ្វីដែលធ្វើឲ្យគេឆ្ងល់កាន់តែខ្លាំងនោះត្រង់ថា សត្វសុនខ១ក្បាលដដែលនេះឯង ចេះបណ្តើរនារីដ៏ស្រស់សោភាម្នាក់ ដើរចូលយ៉ាងរំភើយទៅកន្លែងប្រជុំ ហើយអាចចូលកៀកថ្នាក់ដឹកនាំកំពូលៗបានទៀតផង នៅពេលដែលដ្ឋមន្រ្តីរបស់កម្ពុជាយ៉ាងតិច២រូបត្រូវបានកំលាំងសន្តិសុខបរទេស មិនអនុញ្ញាតឲ្យចូលកន្លែងប្រជុំដោយសារតែកូនចៅមិនបានចុះឈ្មោះទាន់ពេលវេលា។ បន្ទាប់ពីឃើញការភ្ញាក់ផ្អើលច្រើនបែបនេះ ខ្ញុំក៏រត់ត្រុយទៅសួរកងសន្តិសុខបរទេស ពុទ្ធោ! «នារីដែលសត្វសុនខបណ្តើរនោះគាត់ជាជនពិការភ្នែកសោះ»។
រឿងសត្វសុនខ មិនទាន់ចប់ត្រឹមនេះទេ! ខ្ញុំនៅចាំព្រឹត្តិការមួយទៀតបានកើតឡើងនៅឆ្នាំ២០០២ រវាងកំលាំងសន្តិសុខរបស់មេដឹកនាំអាមេរិកប៉ះជាមួយ កំលាំងសន្តិសុខរបស់ប្រទេសប្រ៊ុយណេ ដែលជាម្ចាស់ផ្ទះប្រជុំអាស៊ាន។ ពេលនោះអាមេរិកបានត្រៀមយកសត្វសុនខជាច្រើនក្បាល ដើម្បីជួយការពារ មេដឹកនាំរបស់ខ្លួន ប៉ុន្តែប្រទេសប្រ៊ុយណេមិនអនុញ្ញាតឲ្យដោយសារតែមិនពេញចិត្ត នឹងគម្រោងដាក់ពង្រាយសត្វសុនខ នៅទីកន្លែងមួយចំនួន ដែលវានឹងបង្កអរិយភាពជាមួយប្រពៃណីរបស់មូស្លីម ដែលមិនឲ្យឆ្កែហិតក្លិន ឬលិតកំភួនជើងស្រីៗ។
ការប៉ះទង្គិចគ្នានោះ បានក្លាយជារឿងធំរហូតដល់ក្រសួងការបរទេស នៃប្រទេសទាំងពីរចេញមុខមកសម្របសម្រួលគ្នាតាមរយៈការសន្យាថា មិនអនុញ្ញាតឲ្យសត្វសុនខលិតរាងកាយរបស់នារីមូស្លីមឡើយ។
រឿងរ៉ាវរបស់សត្វសុនកនៅមានច្រើនទៀត តែសូមស្លេះប៉ុណ្ណេះសិនចុះ៕
ដោយ៖ ពុយ គា