(ភ្នំពេញ)៖ មន្ត្រីក្រសួងធនធានទឹកម្នាក់ត្រូវខ្មាន់កាំភ្លើង បាញ់៣គ្រាប់ស្លាប់ នៅក្នុងរថយន្ត ខណៈជនរងគ្រោះបើករថយន្តមកដល់សង្កាត់កកាប តាមផ្លូវចូលច្រកវត្តអង្គតាមិញ ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ។ បើយោងតាម មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
លោកបានបន្តថា ជនរងគ្រោះមានឈ្មោះសឿង ផានិត អាយុ២៨ឆ្នាំ រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ហើយជាមន្រ្តីម្នាក់នៅក្រសួងធនធានទឹក។ លោកបានបន្តទៀតថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ពេលកំពុងបើករថយន្តម៉ាក Camry សេរីខ្ពស់មួយគ្រឿង បណ្តាលឲ្យស្លាប់តែម្តង ដោយមិនទាន់ដឹងមូលហេតុនោះទេ ខណៈនៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជនរងគ្រោះមានតួនាទីជាអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាប នៃក្រសួងធនធានទឹកពិតប្រាកដមែន។ លោកថា មន្រ្តីរូបនេះមានចរឹកស្លូតបូត ប៉ុន្តែមិនដឹងមកពីហេតុអ្វី បានជួបគ្រោះអកុសលបែបនេះឡើយ ដោយលោកសូមចូលរួមសោកស្តាយ និងអាណិតយ៉ាងខ្លាំង។ បន្ទាប់ពីកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។
នៅពេលនេះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកចេញពីក្នុងរថយន្ត ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕