(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានលើកឡើងថា ការ​បំប៉នសមត្ថភាពកងកម្លាំងនគរបាល ជាកត្តាចំបាច់មិនមែន ជាការគំរាមគំហែងផ្នែកនយោ​បាយនោះទេ ព្រោះវាជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិ ក្នុងភារៈកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី​បិទវគ្គកងអន្តរាគមន៍ ពិសេសរបស់នគរបាល នៃស្នងការដ្ឋានដែលមានសិក្ខាកាមចំនួនជាង១០០នាក់ បន្ទាប់ពីបានទទួលការហ្វឹកហាត់ មានរយៈពេលជាង១ខែមកនេះ។​

លោក សរ ចំរុង បានសម្ដែងនូវការកោតសសើរ លើកទឹលចិត្ត​ដល់កងកម្លាំង​នគរបាលខេត្ត ពិសេសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក៏ដូចជា លោកស្នងការរងទទួលគ្រប់គ្រងវគ្គ បានខិតខំអស់កម្លាំងកាយចិត្ត ជម្រុញដល់ការហ្វឹកហ្វឺន របស់កងកម្លាំងនគរបាលខេត្ត រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានលើឡើងថា វគ្គហ្វឹកហ្វឺនកងអន្តរាគមន៍ពិសេសនេះ បានដំណើរការហ្វឹកហ្វឺនមានរយៈពេល៤៥ថ្ងៃ ក្នុងនោះមានសិក្ខាកាម ជានគរបាលមកពីតាមបណ្តារស្រុក-ក្រុង និងស្នងការដ្ឋាន ចំនួន១០០នាក់ គ្រូឧទ្ទេសចំនួន៩នាក់ មាន៣នាក់ជាគ្រូ មកពីអគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់​ថា ចំពោះមេរៀនដែលបានហ្វឹកហ្វឺនរួមមាន វិន័យកងកម្លាំងនគរបាលជាតិ លំហាត់របៀប កាយវិការសម្រាកប្រុង មានខែល កាយវិការលើកខែល ដាក់ខែល កាយវិការគោះខែលគំរាមបាតុករ កាយវិការជំហរទាបខ្ពស់ មាន​ខែល កាយវិការវាយបីដំណាក់កាលមានខែល កាយវិការទប់ទល់បាតុកម្មវរសេនាតូចមានខែល យុទ្ធវិធីរបស់បុគ្គល មានអាវុធអាការ៤៧ និងក្បាច់គុណតៃក្វាន់ដូរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បើទោះអាកាសធាតុប្រែប្រួល ពេលខ្លះក្តៅពេលខ្លះភ្លៀង ផុងដីទីលានមិនកើត ប្តូរមកហ្វឹកហាត់នៅទីលានបេតុងវិញ តែសិក្ខា​កាមនៅតែព្យាយាមអំណត់អត់ធុន ហាត់លូនក្រាប ដែលបណ្តាលឲ្យគ្រោះថ្នាក់ លើរាង្គកាយតិចតួចរហូតទទួលបាននិទ្ទេសល្អ ចំនួន៦០នាក់ និទ្ទេសបង្គួរចំនួន២២នាក់ និងនិទ្ទេសមធ្យម ចំនួន១៤នាក់៕