(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធាន​គណបក្សកាន់​អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួនជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។

នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា «បងប្អូន ប្រជាពលរដ្ឋសមាជិក សមាជិកា និងអ្នកស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា មានចំនូនរហូតដល់ជាង១៥ម៉ឺននាក់ តាមភូមិសង្កាត់នានា ក្នុងរាជធានីភ្នំពេញ នឹងមកចូលរួមអបអរសាទរ ហែក្បូននៅថ្ងៃចុងក្រោយជាមួយសម្ដេចតេជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ចំនួនសមាជិកចូលហែក្បួន អាចនឹងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃហែរនោះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេង​ឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬ អ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕

ខាងក្រោមនេះជាផែនទីបង្ហាញតម្រាយផ្លូវហែក្បួន៖