(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលប្រចាំខែឧសភា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានពន្ធដារ។
ជាកិច្ចចាប់ផ្តើម លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអង្គប្រជុំ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តមអគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាព្រឹកនេះ និងសូមសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ជាលទ្ធផល ក្នុងខែឧសភា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិបានចំនួន ៥៥៤.១៣ ពាន់លានរៀល(ប្រមាណ ១៣៨.៥៣ លានដុល្លារ)។
សម្រាប់រយៈពេល ០៥ ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៤ ០៨២ ពាន់លានរៀល (ប្រមាណជា ១ ០២០.៥០ លានដុល្លារអាមេរិក) ស្មើនឹង ៥៩.៤៩% នៃផែនការច្បាប់។
ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថាការ ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេលប្រាំខែ ឆ្នាំ២០១៧ កើនឡើង ១ ២៤៩ ពាន់លានរៀល (ប្រមាណជា ៣១២.២៤ លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ៤៤.០៩%។
ក្នុងរយៈពេល០៥ខែ ដើមឆ្នាំ២០១៧ នេះផងដែរក៏សង្កេតឃើញមានការកើនឡើងស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៣៥.២%, ពន្ធលើប្រាក់បៀវត្សកើនឡើង៧.១ % និងអាករលើតម្លៃបន្ថែម កើនឡើង ៥៩.២០% ខណៈដែលអាករពិសេសកើនឡើង ១១.៣%។
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ដោយច្បាប់ចំនួន ៦ ៨៦៣ ៣០០ លានរៀល (គិតជាដុល្លារ ១ ៧១៥.៨៣ លានដុល្លារ) ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលប្រធានអង្គប្រជុំ បាន ផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទពន្ធដារ ឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានចេញនូវ វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
* បន្តពង្រឹងយន្តការនៃការចុះបញ្ជីពន្ធដារ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
* បន្តពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងការដាក់លិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ
* បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាសដែលមានហានិភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ តាមគ្រប់រូបភាព
* ត្រៀមរៀបចំអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧
* បន្តពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការពន្ធដារ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលជំនាញបន្ថែម ទាំងក្នុងនិងក្រៅប្រទេស
* បន្តពង្រឹងអភិបាលកិច្ចល្អនិងកែប្រែផ្នត់គំនិតរបស់មន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកបម្រើសេវាសាធារណៈបានល្អ
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសរៀបចំអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធគ្រប់ប្រភេទតាម បច្ចេវិទ្យាព័ត៌មាន
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
* បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត(Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូបឲ្យ យកចិត្តទុកដាក់អនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ ផលប្រយោជន៍ជាតិជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញដោយឯកឧត្តមទេសរដ្ឋមន្ត្រី។
ជាទីបញ្ចប់ លោក គង់ វិបុល ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ ដឹកនាំគ្រប់អង្គភាព ក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធ លទ្ធផលប្រមូលចំណូលពន្ធនេះ នឹងមិនអាចសម្រេចទៅប្រកបដោយ លទ្ធផលត្រចះត្រចង់បែបនេះបានឡើយ៕