(ភ្នំពេញ)៖ ស្របពេលថ្មីៗមានការលេចលឺព័ត៌មានថា ការដែលបងប្អូនប្រជាពលរដ្ឋមិនបង់លុយថ្លៃសំរាម នឹងត្រូវមន្រ្តីអគ្គិសនីកម្ពុជាផ្តាច់ចរន្តអគ្គិសនីនោះ, នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News យ៉ាងដាច់ណាត់ថា អគ្គិសនីកម្ពុជា គ្មានគោលការណ៍ណាមួយ ផ្ដាច់ចរន្តអគ្គិសនីរបស់បងប្អូនប្រជាពលរដ្ឋណាមួយទេ នៅពេលដែលពួកគាត់ មិនបានបង់ថ្លៃប្រមូលសំរាមនោះឡើយ។
អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងទៀតថា «ចាប់តាំងពីរូបលោកមកកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា ឆ្នាំ២០០៨មក លោកមិនបានដែរបាន ដាក់គោលការណ៍ឲ្យផ្តាច់ចរន្តអគ្គិសនីបងប្អូនប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធជាមួយថ្លៃសំរាម ពោលគ្មានការកាត់ភ្លើងនៅពេលមិនបង់សំរាមនោះទេ»។
ការចេញមកប្រកាសបែបនេះ របស់លោក កែវ រតនៈ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់និងយល់ច្រឡំថា នៅពេលដែលពលរដ្ឋមិនបង់ថ្លៃប្រមូល សំរាមនោះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងមិនឲ្យប្រើប្រាស់ជាបណ្ណោះអាសន្នសិន លុះត្រាតែពលរដ្ឋបានបង់ថ្លៃប្រមូលសំរាមរូចរាល់ទើប បើកភ្លើងឲ្យប្រើប្រាស់ធម្មតាវិញ។
ជាមួយគ្នានោះ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបឈ្ឈប់ការយល់ច្រឡំចំពោះអគ្គិសនីកម្ពុជាអំពីការផ្ដាច់ភ្លើងដោយ មិនបង់សំរាមនោះទេ។
ជាមួយនោះដែរ គិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញសេចក្ដីជូនដំណឹងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបិរស្ថាន និងអគ្គិសនីកម្ពុជា ពិនិត្យសិក្សាអំពីនីតិវិធីប្រមូលថ្លៃសេវាសំរាមតាមមធ្យោបាយណាមួយ ជំនួសការបង់ថ្លៃសេវាតាមរយៈវិក្កិយបត្រអគ្គិសនី ប៉ុន្ដែមកទល់ពេលនេះបញ្ហានេះ មិនបានដោះស្រាយចប់នៅឡើយទេ ពោលគឺថ្លៃសេវាសំរាម នៅតែបន្ដបង់ជាមួយថ្លៃភ្លើងដដែល។
តាមលិខិតរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «រយៈពេលគិតពីថ្ងៃចេញ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មកទល់នឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ មានចំនួន២ឆ្នាំ និង៤ខែមកហើយ ពុំទាន់ឃើញមានការវិវត្តន៍គួរឲ្យកត់សម្គាល់នៅឡើយ។ ការមិនអនុវត្តនេះនាំឲ្យមានការចោទប្រកាន់ និងការធ្វើអាជីវកម្មនយោបាយជាច្រើនលើអគ្គិសនីកម្ពុជា»។ ហេតុដូច្នេះហើយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានអំពាវនាវឲ្យថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នដែលពាក់ព័ន្ធ មេត្តាជួយអន្ដរាគមន៍ជម្រុញដោះស្រាយបញ្ហានេះ ឲ្យបានកាន់តែឆាប់៕