(ភ្នំពេញ)៖ ក្រោយពីគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ ត្រូវបានដោះស្រាយបញ្ចប់ដោយភាពជោគជ័យជាមួយស្នាមញញឹមរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Arakawa របស់ជប៉ុនហើយនោះ ក្រុមប្រជាពលរដ្ឋនៅក្នុងអគារដ៏ចំណាស់មួយមិនត្រឹមតែសប្បាយរីករាយជាមួយដំណោះស្រាយនេះទេ ពួកគេចង់ឃើញគម្រោងអភិវឌ្ឍន៍ដទៃធ្វើដូចគម្រោងនេះផងដែរ។
គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ២៣៧គ្រួសារហើយ បានរុះរើសម្ភារចេញពីលំនៅដ្ឋាន និងបានទៅបើកប្រាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ គម្រោងអភិវឌ្ឍន៍នៅអគារប៊ូឌីញនេះ ទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ថាជាគម្រោងអភិវឌ្ឍន៍មួយ ដែលធ្វើឡើងយ៉ាងល្អប្រសើរ និងមិនសល់នូវការតវ៉ា និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញនេះ មិនត្រឹមតែសម្តែងភាពសប្បាយរីករាយចំពោះដំណោះស្រាយ ដែលសម្របសម្រួលដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែប៉ុណ្ណោះទេ ពួកគេក៏ចង់ឃើញគម្រោងអភិវឌ្ឍន៍ដទៃទៀតយកគំរូតាមគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញនេះផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកស្រី ដាវី ដែលចូលមករស់នៅអគារប៊ូឌីញ ចាប់តាំងពីឆ្នាំ១៩៨៩មកនោះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យគម្រោងអភិវឌ្ឍន៍ផ្សេងៗ ឲ្យយកគំរូតាមអគារប៊ូឌីញ ព្រោះវាស្រួលមិនការឈ្លោះប្រកែក ទិញតាមសម្រូល ដោះស្រាយសំណងបានល្អ ដើម្បីឲ្យប្រជាជនសប្បាយចិត្ត»។
ស្រដៀងគ្នានេះ លោកស្រី ស៊ូ សុខជួន ដែលរស់នៅទីកន្លែងនេះជាង ៣៣ឆ្នាំមកហើយ បានលើកឡើងដែរថា «គាត់ (លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា) មានដំណោះស្រាយសមរម្យ សម្រាប់ទៅទិញផ្ទះថ្មី...ហើយខ្ញុំចង់ឲ្យគម្រោងអភិវឌ្ឍន៍ដ៏ទៃទៀត ធ្វើតាមគម្រោងរបស់អគារប៊ូឌីញ»។
ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញម្នាក់ទៀត លោក ជ័យ សោភ័ណ្ឌ អាយុ៦២ឆ្នាំ ក៏បានស្នើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ពេលមានគម្រោងអភិវឌ្ឍន៍នៅកន្លែងផ្សេង គួរតែយកគំរូតាមការអភិវឌ្ឍអគារប៊ូឌីញ ដើម្បីកុំឲ្យមានជម្លោះជាមួយពលរដ្ឋដែលជាអ្នកធ្លាប់រស់នៅ។ លោកថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ ថ្នាក់ដឹកនាំ បើបានដោះស្រាយឲ្យប្រជាពលរដ្ឋ សូមឲ្យរលូនដូច ឯកឧត្តម ជា សុផារ៉ា អញ្ជឹង ដើម្បីជៀសវាងជម្លោះផ្សេងៗ»។
ជាមួយការទទួលបានដំណោះស្រាយប្រកបដោយភាពល្អប្រសើរនេះ ពលរដ្ឋអគារប៊ូឌីញ ក៏បានវាយតម្លៃខ្ពស់ និងសម្ដែងនូវការកោតសរសើរ ព្រមទាំងការថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ដែលបានដោះស្រាយបញ្ហាយ៉ាងសមស្រប ឲ្យពួកគាត់អាចទទួលយកបាន សម្រាប់ការចាកចេញពីទីកន្លែងធ្លាប់រស់នៅ ហើយលោកមានគោលនយោបាយច្បាស់លាស់ចំពោះការអភិវឌ្ឍ។
ពលរដ្ឋលើកឡើងថា «យើងខ្ញុំសូមអរគុណដល់ឯកឧត្តម ជា សុផារ៉ា ដែលបានជួយដោះស្រាយបានយ៉ាងរលូតបែបនេះ ហើយដែលពួកខ្ញុំបានទៅជួបប្រជុំជាមួយឯកឧត្តម គាត់បានពន្យល់យ៉ាងក្បោះក្បាយប្រាប់ពលរដ្ឋថា អគារនេះវាចាស់ហើយ គ្មានក្រុមហ៊ុនណា គ្មានអ្នកវិនិយោគណាចូលមកទៀតទេ ហើយគោលនយោបាយគាត់ពិតជាល្អ យើងខ្ញុំសូមគាំទ្រ និងកោតសរសើរណាស់ចំពោះគាត់»។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្រ្តនិយម មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្ម បែបទំនើបមួយមានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក។
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ លោកទេសេរដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីកំពុងទទួលបានប្រជាប្រិយភាព ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ បានរៀបចំពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុក នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង ដែលការជប់លៀងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញនេះ បានព្រមព្រៀងលក់លំនៅដ្ឋានទៅឲ្យក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ជប៉ុន Arakawa ក្នុងមួយម៉ែត្រការ៉េ ១,៤០០ដុល្លារអាមេរិក៕