(ភ្នំពេញ)៖ ជុំវិញការបង្ហោះសារសំងាត់បញ្ជាទ័ពនៅលើ Facebook ផ្លូវការរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់ចោលស្រុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានចោទប្រកាន់ថា នេះជាសារបទបញ្ជាសំងាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នៅពេលត្រឡប់ចូលប្រទេស។ ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗត្រឡប់វិញថា នេះការជាចោទប្រកាន់បែបមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ, កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន...ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ពក៏ខ្ញុំប្រើវិធីបែបនេះដែរ, អ្នកសរសេរនេះដូចជា យល់ចិត្ត របស់ខ្ញុំមែន, ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ, បើអ្នកក្លាហានឯង មិនហ៊ានចូលស្រុក កុំសន្យា, ខ្ញុំបញ្ជាក់ហើយស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយបញ្ជូនទៅគុកតែម្តង កុំព្រហើនមែនអាល្ងង់»។
មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ, សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះទៀតថា «រង្ស៊ី ចូលចិត្តប្រើប្រាស់ភាសាមួលបង្កាច់ លាបពណ៌ គេបែបនេះ បានចេះតែជាប់គុក បង្កើតរឿងមិនពិតថាជារឿងពិត រាល់កំហុសរបស់រង្ស៊ី គឺកើតឡើងពីទង្វើរបស់ខ្លួនឯង, សារបទបញ្ជាអ្នកណាក៏សរសេរបាន មកចោទថាជារបស់នាយករដ្ឋមន្រ្តី សំណាងដែរខ្ញុំមិនប្តឹងផ្តល់ទេ ព្រោះរង្ស៊ីជាមនុស្សដែលមានទោសស្រាប់ទៅហើយ។ ខ្ញុំបញ្ជាក់ឲ្យច្បាស់ឡើងវិញថា ខ្ញុំនឹងអនុវត្តយុទ្ធវិធីនេះ នៅពេលរង្ស៊ី ចូលស្រុក ហើយសូមអរគុណទណ្ឌិតរង្ស៊ី ដែលបានបង្ហាញវិធីសាស្រ្ត ចាប់ខ្លួនលោកឲ្យដឹងបែបនេះ»។
សូមជំរាបថា លោក សម រង្ស៊ី បានបង្ហោះសារដែលជាបទបញ្ជាសម្ងាត់មួយនៅលើ Facebook របស់លោកដែលមានខ្លឹមសារថា៖
បទបញ្ជាសម្ងាត់ ដែល ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សម្រាប់អនុវត្តលើរូប សម រង្ស៊ី។ បទបញ្ជានេះបង្ហាញឲ្យឃើញថា ហ៊ុន សែន រៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋ ពេល សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះក៏ជាលេសមួយទៀតដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។
«ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។ ថ្ងៃនេះខ្ញុំបញ្ជាឲ្យលុបចោល ស.ជ.ណ. ដែលហាមឃាត់មិនឲ្យក្រុមហ៊ុនយន្តហោះដឹក សម រង្ស៊ី ចូលមកកម្ពុជា ដែល ស.ជ.ណ. មួយនេះ យើងមានបំណងល្អ ដើម្បីជៀសវាងការបង្ហូរឈាមណាមួយ ពិសេសការស្លាប់របស់ សម រង្ស៊ី តែបំណងល្អនេះ ត្រូវបាន សម រង្ស៊ី ប្រើជាលេស ថាយើងរារាំងមិនឲ្យវាចូលមកប្រទេសកម្ពុជាវិញ។ នេះគ្រាន់តែលុបចោលបំរាម នៃការធ្វើដំណើរតាមយន្តហោះប៉ុណ្ណោះ មិនមែនជាការលើកលែងទោសឲ្យ សម រង្ស៊ី ទេ។ សម រង្ស៊ី នៅតែជាអ្នកមានទោស ដែលកម្លាំងអនុវត្តច្បាប់ ត្រូវតែអនុវត្តតាមសាលដីកាតុលាការ ចាប់វាញាត់គុកឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យអាមួយនេះរួចខ្លួនបានឡើយ។ ការចាប់ សម រង្ស៊ី ត្រូវធ្វើនៅលើយន្តហោះតែម្តង ដោយឲ្យយន្តហោះទៅចតនៅព្រលានយោធា ប្រសិននៅភ្នំពេញ។ ករណី នៅសៀមរាប ឬខេត្តព្រះសីហនុ ត្រូវរកទីតាំងណាសមស្របក្រៅពីចំណតអ្នកដំណើរ។ បណ្តាអង្គភាពនៃកងទ័ពស្រួច ត្រូវត្រៀមអន្តរាគមន៍កម្ទេចចោល នូវកម្លាំងណាក៏ដោយ ដែលរារាំងការអនុវត្តន៍ច្បាប់។ បទបញ្ជានេះ អនុវត្តដោយស្ងាត់ស្ងៀម ពេលសភាពការណ៍កើតឡើង ត្រូវពង្រីកមុខសញ្ញាទៅកាន់កន្លែងផ្សេងទៀត តាមការចាំបាច់ និងត្រូវរង់ចាំបទបញ្ជា»។
ប៉ុន្តែនៅពេលនេះ ក្រោយពីការបង្ហោះរបស់លោក សម រង្ស៊ី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រតិកម្មខ្លាំងៗឆ្លើយតបថា មិនមែនជាសារបញ្ជារបស់សម្តេច ហើយបានហៅអ្នកដែលចោទប្រកាន់សម្តេចថា ជាមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ៕