(ភ្នំពេញ)៖ បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃ ចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា ក្នុងឆ្នាំ២០១៧នេះ មានភាពវិជ្ជមាន និងប្រសើរជាងមុន។

ក្នុងវេទិកា​ស្ដីពីការវាយតម្លៃចុងក្រោយលើការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទប់ស្ថានការណ៍ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ថា «ការចាត់ចែង និងការអនុវត្តភារកិច្ចរបស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត គ.ជ.ប លើបញ្ជីបោះឆ្នោត ការចុះឈ្មោះ បោះឆ្នោតការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការបោះនិងការរាប់សន្លឹកឆ្នោត និងការប្រកាសបិទ និងដាក់ផ្សាយលើគេហទំព័រនូវលទ្ធផលបោះឆ្នោត វិជ្ជមាន និងប្រសើរជាងមុន»

ប៉ុន្ដែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍នៅតែរកឃើញ មានភាពមិនប្រក្រតីមួយចំនួនដូចជា បរិយាកាសគាប់សង្កត់ខាងនយោបាយហិរញ្ញវត្ថុឃោសនា បោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះខាតសមធម៌ និងតម្លាភាព ការដាក់សម្ពាធដល់សេរីភាពបញ្ចេញមិត និងការគំរាមសកម្មភាពគណបក្ស ប្រកួតប្រជែងដែលទាំងនេះ ហើយនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោត ស្ថិតក្នុងកំរិតរឹតត្បិតសេរីភាព។

ឆ្លើយតប​នឹង​ការលើកឡើងរបស់បន្ទប់ស្ថានការណ៍បែបនេះ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ​ការលើកឡើងរបស់បន្ទប់ ស្ថានការណ៍ពីការបោះឆ្នោត និងភាពអវិជ្ជមានដែលកើតឡើងមួយចំនួននោះ គឺជាមតិមួយឡើយឡែកតែប៉ុណ្ណោះ។ លោកបានបន្ថែមថា គ្រប់ការបោះឆ្នោត នៅទូទាំងពិភពលោកទាំងអស់ ក៏មិ​នមានភាពល្អឥតខ្ចោះទាំងស្រុងនោះដែរ។

អ្នកនាំពាក្យរូបនេះ ឲ្យដឹងថា គ.ជ.ប នឹងយកសេចក្ដីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍មកពិនិត្យថា តើមានមូលដ្ឋានច្បាស់លាស់ និងត្រូវដែរឬទេ ព្រោះថាពេលខ្លះ បន្ទប់ស្ថានការណ៍ មិនបានយល់ស៊ីជម្រៅពីការងាររបស់ គ.ជ.បនោះទេ។

លោកថ្លែងយ៉ាងដូច្នេះថា «ជាទូទៅការបោះឆ្នោតគ្មានភាពល្អឥតខ្ចោះនោះទេនៅលើពិភពលោក ការលើកឡើងរបស់គាត់ជាទស្សនៈមួយដោយឡែក ព្រោះតែចំណុចហ្នឹងហើយ គ.ជ.ប នឹងយកមកពិនិត្យ ប៉ុន្ដែវាស្ថិតនៅលើការពិនិត្យសិន ដោយហេតុថាចំណុចខ្លះដែលលើកឡើងគ.ជ​.ប មិនឯកភាពជាមួយវាក៏ដោយសារតែទស្សនៈផ្សេងខុសគ្នា»

មួយវិញទៀត លោក ហង្ស ពុទ្ធា បានអះអាងថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ វាជាបទពិសោធន៍ថ្មីមួយទៀត​ ហើយប្រសិនបើ មានចំណុចណា នៅមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ គ.ជ.ប នឹងធ្វើការកែទម្រង់បន្ថែមទៀត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលបឋមបង្ហាញថា គណបក្ស ប្រជាជនកម្ពុជា បានទទួលឃុំ/សង្កាត់ភាគច្រើនរហូតដល់ជាង១ពាន់ ក្នុងចំណោមឃុំ/សង្កាត់ ១៦៤៦ នៅទូទាំងប្រទេស។ ដោយឡែកលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃស្អែកនេះ តាមទូរទស្សន៍ជាតិ និងវិទ្យុជាតិ៕