(ភ្នំពេញ)៖ លោក សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យ បានប្រើយុទ្ធសាស្រ្តកាត់ស្មៅក្រោមជើងលោក កឹម សុខា ដែលជាមេបក្សថ្មី ដោយប្រកាសដោយឯកឯង ជាសាធារណៈថា គាត់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ជាមនុស្សក្រៅបក្ស តែនៅតែមានចរិតខែងរែង ក្រអឺតក្រទម លើកខ្លួនឯង ដោយមិនក្រែងរអែងមេបក្សក្នុងតំណែងអីបន្តិចបន្តួចសោះ ដែលតាមពិតតម្លៃខ្លួននយោបាយពិតប្រាកដរបស់លោក សម រង្ស៊ី គឺជាដៃគូប្រកួតមិនដែលឈ្នះនៅក្នុងគ្រប់សមរភូមិនយោបាយកន្លងមក។
តើមានសមរភូមិណាដែលលោក សម រង្ស៊ី ប្រកាសថា គាត់ចាញ់!? ចម្លើយថា មិនដែលទេ គឺប្រកាសឈ្នះរហូតមុនបោះឆ្នោត ប៉ុន្តែលទ្ធផលចាញ់រហូត។ សរសើរគាត់ដែរ ចាញ់ហើយនៅតែមុខក្រាស់ មិនព្រមទុកឱកាសឲ្យលោក កឹម សុខា ធ្វើម្តង ដោយគិតថា អាចក្រែងលោចៃដន្យបានឈ្នះម្តងនឹងគេ!!! ប៉ុន្តែ តាមការសង្កេតរបៀបធ្វើនយោបាយ និងយុទ្ធសាស្រ្តនយោបាយរបស់លោក សម រង្ស៊ី កន្លងមក ខ្ញុំសន្និដ្ឋានថា លោក សម រង្ស៊ី គឺនឹងជាប់ឯកត្តកម្ម ពីអ្នកនយោបាយចាញ់ចាស់វស្សា ទៅជាអ្នកនយោបាយបរាជ័យជាអមតៈ មិនខាន។ ហ៊ានភ្នាល់ គឺប្រាកដជាចាញ់! ហើយ ២០១៨ នេះ សម រង្ស៊ី នឹងចាញ់ទៀត ចាញ់លើកនេះ គឺចាញ់អស់សាច់ ចាញ់លើកនេះ គឺចាញ់ដោយក្អួតឈាម សូម្បីពន្លឺជោគជ័យដ៏តិចតួចក៏គ្មានទាល់តែសោះ!
ស្ងានភាពនយោបាយរបស់គាត់បច្ចុប្បន្ន គឺជាស្រមោល បើជាស្រមោល គឺមានរូបធាតុដូចផ្សែងដែរ ! ស្ថានភាពរបស់គាត់ គឺស្ថានភាពជាអ្នកបម្រើនយោបាយ ឲ្យលោក កឹម សុខា ហើយលោក កឹម សុខា ដែលជាមេបក្សព្រះអាទិត្យពេញផ្លូវច្បាប់ នឹងប្រើវិធីត្រជាក់លួងលោមប្រើលោក សម រង្ស៊ី ឲ្យធ្វើនយោបាយឲ្យគាត់ ក្រោមផ្លាកបក្សសង្រ្គោះជាតិ និងតាមជំហានយុទ្ធសាស្រ្ត៖ ប្រើខ្មោចអោយកិនម្សៅធ្វើនំឲ្យស៊ី !
ទី១៖ សម រង្ស៊ី គិតថា ខ្លួនគាត់ជាអ្នកឆ្លាតជាងគេប៉ុន្តែ ភ្លេចខ្លួនថា នៅលើមេឃមានមេឃសោះ។ លោក កឹម សុខា ចាប់ផ្តើមរកស៊ីនយោបាយដោយអត់ចេញ ដើម ដោយបោកលុយអាមេរិក ធ្វើនយោបាយតាមរយៈធ្វើអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយខ្ចីទ័ពពីបក្សភ្លើងទៀន ដើម្បីប្រមូលកំលាំង និងឃោសនា។ លោក កឹម សុខា បានខ្ចីដៃមេបក្សទេវតា ដើម្បីបើកបក្សលោកខែ ដោយប្រើដើមទុនធនធាននយោបាយពីបក្សភ្លើងទៀន។ ក្រោយពីបាន ៣កៅអីនៅរដ្ឋសភា លោក កឹម សុខា បបួលលោក សម រង្ស៊ី ដែលមាន ២៦កៅអី ដើម្បីបង្រួបបង្រួមគ្នាដោយឲ្យ សម រង្ស៊ី ធ្វើមេបក្សរស់នៅក្រៅប្រទេស ហើយគាត់ធ្វើជាមេបក្សរងកាន់អំណាច មេបក្សនៅក្នុងប្រទេស ហើយសន្យាគ្នាឲ្យ សម រង្ស៊ី កាន់អំណាចរដ្ឋាភិបាល ហើយគាត់កាន់អំណាចនៅរដ្ឋសភា។ ពេលឱកាសធ្លាក់ពីមេឃមក លោកកឹម សុខា បានរៀបចំផែនការយ៉ាងល្អិតល្អន់ តាំងពីពេលទំលាក់លោក សម រង្ស៊ី ពីតំណែងមេបក្សព្រះអាទិត្យ តាមរយៈការបញ្ចុះបញ្ចូលផង បំភ័យផងឲ្យ សម រង្ស៊ី លាលែងតំណែងដោយស្ម័គ្រចិត្ត និងឡើងធ្វើប្រធានបក្សដោយខ្លួនឯង។
ទី២៖ កឹម សុខា ដឹងច្បាស់ណាស់នូវចំណុចខ្សោយរបស់ សម រង្ស៊ី គឺក្តីសុបិន្តទាំងយប់ទាំងថ្ងៃចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ឱ្យតែ កឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី អ្វីក៏ សម រង្ស៊ី សុខចិត្តលះបង់ដែរ ដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា ស៉ឺម៉ាអ៉ី យ៉ាងពិតប្រាកដ! ឥឡូវ លទ្ធផលយ៉ាងម៉េចហើយ? លទ្ធផល គឺ សម រង្ស៊ី អត់បក្ស ឯ កឹម សុខា មេបក្សយ៉ាងពេញច្បាប់!
ទី៣៖ តើ កឹម សុខា បានសម្រេចគោលដៅនយោបាយរបស់ខ្លួនហើយ ឬនៅ? ចម្លើយឆ្លើយថា ត្រឹមមេបក្ស គឺគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ ហើយ សម រង្ស៊ី នៅមានប្រយោជន៍ធំណាស់ ដើម្បី កឹម សុខា ប្រើបន្តឲ្យធ្វើជានយោបាយ ទាញសន្លឹកឆ្នោតសម្រាប់ ២០១៨ ព្រោះ សម រង្ស៊ី នៅមានប្រជាប្រិយភាពខ្លាំង ក្នុងមជ្ឈដ្ឋានប្រឆាំង។ តើប្រើ សម រង្ស៊ី ឲ្យធ្វើនយោបាយដូចម្តេច? កឹម សុខា ដែលក្នុងក្រសែភ្នែករបស់ សម រង្ស៊ី គឺជាមេបក្សលេងៗ អាចប្រើយុទ្ធសាស្រ្ត ប្រើខ្មោចឱ្យកិនម្សៅធ្វើនំឲ្យស៊ីបាន! ដូចនេះ កុំទៅឆ្ងល់ តំណែងបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ គឺប្រាកដណាស់ជា សម រង្ស៊ី ព្រោះតំណែងបេក្ខភាព នាយករដ្ឋមន្រ្តីនេះ គឺនឹងធ្វើឲ្យ សម រង្ស៊ី ហ្នឹងហ្នរក្នុងចិត្ត ហើយក្លាយជាទាសករដាច់ថ្លៃបម្រើនយោបាយឲ្យ កឹម សុខា ដោយធ្វើការងារមិនចេះនឿយហត់ ហើយក៏អាចធ្វើពលិកម្មគ្រប់បែបយ៉ាង ក្រោមផ្លាកបក្សព្រះអាទិត្យ ដែលមាន កឹម សុខា ជាមេបក្សយ៉ាងពេញច្បាប់។ សម្រាប់ កឹម សុខា គឺការរកស៊ីមួយនេះ មានតែចំណេញ និងចំណេញ គឺមិនអាចខាតជាដាច់ខាត។
សេណារីយ៉ូទី១៖ កឹម សុខា លើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យជួយធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យ ដោយប្រើប្រជាប្រិយភាព សម រង្ស៊ី។ វិធីឃោសនាសាមញ្ញៗ ដូចជា ៖ បើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញ សុំបោះឆ្នោតឱ្យបក្សព្រះអាទិត្យ ហើយទន្ទឹមនេះ ឲ្យ សម រង្ស៊ី ជួយឃោសនា ពីក្រៅស្រុកតាមហ្វេសប៊ុក ឬតាមវិទ្យុបរទេសទាំងយប់ទាំងថ្ងៃ។
សេណារីយ៉ូទី២៖ ទន្ទឹមនឹងការលើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី គឺ កឹម សុខា អាចបញ្ចុះបញ្ចូលលួងលោមឲ្យ សម រង្ស៊ី ចូលស្រុកហើយជាប់គុក។ នេះគេហៅថា ខ្ចីដៃបក្សទេវតា ចាប់ សម រង្ស៊ី បញ្ចូលទ្រុង ហើយអំពាវនាវឃោសនាលក់ថា ចង់ឱ្យ សម រង្ស៊ី ចេញពីគុក ត្រូវបោះឆ្នោតឱ្យបក្សព្រះអាទិត្យជាដើម ។ល។ គ្រោះថ្នាក់របស់ សម រង្ស៊ី ក៏ជាគ្រោះសម្រាប់បក្សទេវតា ប៉ុន្តែវាជាលាភសំណាងរបស់ កឹម សុខា ទៅវិញ។ ប៉ុន្តែ សេណារីយ៉ូនេះ សាហាវបន្តិច ហើយបើធ្វើមិនស្រួល កឹម សុខា អាចខាតបង់វិញ ព្រោះបើមានការប្រមូលកំលាំងប្រឆាំងការអនុវត្តច្បាប់ បង្កឲ្យមានចលាចល នោះអាចនឹងមានបញ្ហាដែល ជាហេតុផលនាំឲ្យពន្យារពេល ឬព្យួរការបោះឆ្នោតមួយអន្លើសិន។
ទាំងក្នុងសេណារីយ៉ូទី១ ទាំងក្នុងសេណារីយ៉ូទី២ បើនៅទីបំផុតដោយចៃដន្យបក្សព្រះអាទិត្យឈ្នះឆ្នោត នោះតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តី សម្រាប់បក្សព្រះអាទិត្យ។ គោលដៅចុងក្រោយបានមកដល់ហើយ! ប្រាកដជា កឹម សុខា! ក្នុងសេណារីយ៉ូឈ្នះនេះ កឹម សុខា នឹងប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី កំពុងមានទោសជាប់ខ្លួន ដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណារាស្រ្តឡើយ ដូចនេះ សម រង្ស៊ី ដែលជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តីឡើយតាមផ្លូវច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិវិធីនេះ នៅក្នុងឆ្នាំ ២០១៣។
នៅពេលនោះ សម រង្ស៊ី អាចចូលសភា គឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពីតំណាងរាស្រ្ត ដើម្បីអាចចូលជំនួស គួយ ប៊ុនរឿន បាន។ ក្នុងបច្ចេកទេសនីតិវិធីច្បាប់ដូចនេះ ហើយបើចែដន្យឈ្នះមែន គឺ កឹម សុខា អាចលួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោត គាំទ្រគាត់ធ្វើជា នាយករដ្ឋមន្រ្តីសិន ក្នុងហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសអោយ សម រង្ស៊ី មកធ្វើនាយករដ្ឋមន្រ្តីវិញ។ ប៉ុន្តែក្រោយពេលបានធ្វើជា នាយករដ្ឋមន្រ្តីហើយ តើនរណាអាចទម្លាក់ កឹម សុខា បាន? មិនអាចទេ ព្រោះកម្លាំងរបស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្ស ផ្សេងទៀតនៅរដ្ឋសភា ដើម្បីការពាររដ្ឋាភិបាលរបស់គាត់ ក្នុងករណីគាត់ បែកបាក់ជាមួយ សម រង្ស៊ី។
ក្នុងសេណារីយ៉ូមួយណាក៏ដោយ សម រង្ស៊ី គ្រាន់តែចាប នៅក្នុងទ្រុងនយោបាយរបស់ កឹម សុខា ប៉ុណ្ណោះ ហើយបើចាំបាច់ខ្លាំងក្នុងដំណាក់កាលចុងក្រោយ កឹម សុខា ក៏អាចលក់ សម រង្ស៊ី បានទៀត ដើម្បីចរចាជាមួយបក្សទេវតា នៅក្នុងគ្រប់ស្ថានភាពទាំងអស់។
បក្សីចាំក្រុង ជឿថា យុទ្ធសាស្រ្តកំប៉ិកកំប៉ុកដូចនេះ មិនអាចលាក់បាំងភ្នែកលោក សម រង្ស៊ី បានឡើយ ប៉ុន្តែការអនុវត្តយុទ្ធសាស្រ្តនេះ ក្រុមលោក កឹម សុខា ត្រូវធ្វើតាមវិធីទន់ និងត្រជាក់បំផុត ជាពិសេស ត្រូវសម្រួលតាមការចង់បានរបស់ សម រង្ស៊ី គ្រប់បែបគ្រប់យ៉ាង និងត្រូវចេះលើកជើង សម រង្ស៊ី ជាអ្នកក្លាហាន។ បក្សីចាំក្រុង ក៏ជឿដែរថា អ្នករៀនយុទ្ធសាស្រ្ត និងចេះដឹងពីយុទ្ធសាស្រ្តនៅក្បែរលោក កឹម សុខា ក៏មានមិនតិចដែរ ហើយអ្នកទាំងនោះក៏ចេះអំពីរបៀបធ្វើ នយោបាយ និងរបៀបអនុវត្ត ដូចជាលោក សូរ សមយុទ្ធ ជាដើមដែលធ្លាប់លើកឡើងថា ក្នុងនយោបាយអត់មានពាក្យថា ក្លាហាន ឬកំសាកទេ មានតែផលប្រយោជន៍ និងយុទ្ធសាស្រ្តតែប៉ុណ្ណោះ។
វត្តភ្នំ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង