(កណ្តាល)​៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង​មូលដ្ឋាន​ស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំ​​​វាយតម្លៃ និងបូកសរុបលទ្ធផលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដើម្បីដកស្រង់បទពិសោធន៍ ​ត្រៀមរៀបចំផែនការការងារ​ ​រក្សាភាពដឹកមុខរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨​។

​លោក វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ ​ការវាយតម្លៃខ្ពស់ ចំពោះការខិតខំ​យ៉ាងសស្រាក់សស្រាំ ពី​មន្រ្តីបក្សគ្រប់លំដាប់​ទាំងមកពីថ្នាក់កណ្តាល និងទាំងអ្នកនៅមូលដ្ឋានផ្ទាល់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា​។

លោកប្រធានក្រុមការងារ បានបន្ថែមថា តាមរយៈការ​ដកស្រង់បទពិសោធន៍ នៅក្នុងការ​បោះឆ្នោត​ឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧​នេះ និងដោយផ្អែកលើភូមិសាស្រ្តនយោបាយ ចរន្ត​ ចិត្តសាស្រ្ត​នយោបាយ ក្នុងពេលបច្ចុប្បន្ននេះ គឺត្រូវតែបន្តពង្រឹកចំណុចខ្លាំង ឲ្យកាន់តែខ្លាំងក្លាថែមទៀត និងកែលំអរចំណុចខ្វះខាតទាំងឡាយ ដើម្បីជំរុញការជឿជាក់ និងជំរុញបង្កើនសន្ទុះ​នៃការគាំទ្ររបស់ប្រជាជន មកលើគណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨​ខាងមុខ ឲ្យទទួលបានជោគជ័យ​។

លោកក៏បានណែនាំដល់ មន្រ្តីគណបក្ស​គ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមដៃគ្នា ចុះមូលដ្ឋានឲ្យកាន់​តែសកម្មជាងមុន​គ្រប់ទីកន្លែង ជាពិសេសនៅតាមខ្នងផ្ទះ និងទីតាំងការងារ ​ត្រូវបន្តធ្វើអំពើល្អ​ បម្រើប្រជាជន​ដោយភាពស្មោះត្រង់ ហើយត្រូវខិតខំដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន​ដោយរួសរាន់ពេលវេលា។​

លោក វង្សី វិស្សុត ក៏បានត្រៀមនូវយុទ្ធសាស្រ្ត ​​វិធានការសកម្មភាព​ការងារជាក់ស្តែងមួយចំនួន ដើម្បី​ថែរក្សា និងបង្កើនសន្ទុះ នៃការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា នៅស្រុកមុខកំពូលបន្ថែមទៀត ជា​ពិសេស​ក្នុងស្រទាប់យុវជន និងក្រុមអង្គបោះឆ្នោត​ជាក់លាក់មួយចំនួន​ឲ្យកាន់តែច្រើនឡើង នៅក្នុងការបោះឆ្នោត​ឆ្នាំ២០១៨​ខាងមុខនេះ។

យោងតាមលទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកមុខកំពូល បានទទួលសម្លេងឆ្នោតគាំទ្រ សរុបចំនួន​១៩,៧៧០​សម្លេង ឬស្មើនឹង​៥១,៣៥ % នៃសន្លឹកឆ្នោតបានការ​៕