(អូស្ដ្រាលី)៖ នៅល្ងាចថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី និងនៅរដ្ឋធានីវ៉ែលលីងតុន ប្រទេសណូវ៉ែលហ្សេឡង់ ដែលអញ្ជើញមកពី​ទីក្រុងម៉ែលប៊ន រដ្ឋធានីវ៉ែលលីងតុន, ទីក្រុងផាមឺស្តុនណត, និងទីក្រុងក្រៃឆឺត សរុបប្រមាណ៣០០នាក់ បានជួបជុំគ្នារៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។

​កម្មវិធីនេះ រៀបចំឡើងដោយមានការចូលរួមផ្ទាល់ និង​តាម Online លោក កុយ គួង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវវ៉ែលហ្សេឡង់, លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, លោក ឡាវ វ៉ាន់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទីក្រុងម៉ែលប៊ន និងលោក វង្ស ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនតំបន់៩។

​លោក កុយ គួង ក៏បាន​នាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយស, សម្ដេច សាយ ឈុំ និងសម្ដេច ស ខេង ដល់បងប្អូនសមាជិក សមាជិការទាំងអស់ ដែលបានតែងតែគាំទ្រគោលនយោបានរបស់គណបក្សប្រជាជនកម្ពុជាកន្លងមកផងដែរ។

សូមជម្រាបថា ពិធីនេះប្រព្រឹត្តិ​ទៅដោយរលូន​ ភាពសប្បាយរីករាយ​ សមាគ្គីភាពផ្ទៃក្នុងបានល្អរវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់​៕