(ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍សាទរ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេស ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់បារមី ដ៏ត្រជាក់ត្រជុំរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទោះបានបោះឆ្នោតគាំទ្រគណបក្សផ្សេងៗគ្នាក៏ដោយ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំកំពូលនោះ បានខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងបម្រើប្រជាជនកម្ពុជា តាំងពីបាតដៃទទេរ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ន ពិសេសគណបក្សប្រជាជនកម្ពុជា​ បានរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលទាំងនេះ គឺសុទ្ធតែជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ប្រជាជនកម្ពុជា រួមជាមួយជនរួមជាតិកម្ពុជាទាំងអស់​ ក្នុងការស្រោចស្រង់ និងកសាងសង្គមជាតិកម្ពុជាឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេស ទោះបីបានបោះឆ្នោតគាំទ្រ គណបក្សណាក្ដី សូមបន្តរួបរួមគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់បារមីដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា»

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ រួមសាមគ្គីជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ ថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍមាតុភូមិឲ្យកាន់តែជឿនលឿន និងខ្លាំងក្លាឡើង ដែលជាផលប្រយោជន៍រួមជាសារវន្តរបស់ប្រជាជាតិកម្ពុជាទាំងមូល។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់សមាជិក-សមាជិកា នៃក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ទាំងអស់ ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ សូមរួមសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការបម្រើប្រជាជនស្របតាមតួនាទី និងភារកិច្ចដែលច្បាប់បានកំណត់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍឃុំ-សង្កាត់នីមួយៗ ឲ្យកាន់តែបានរីកចម្រើនឡើង ឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់ប្រជាជនជាម្ចាស់ឆ្នោត។

សូមជម្រាបថា ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល១៤ថ្ងៃ ក្រសួងមហាផ្ទៃ នឹងធ្វើការប្រកាសសុពលភាពមេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស៕