(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈមេបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានប្រកាសចាត់វិធានការក្តៅ និងដាក់ផែនការដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្ត្រីជំនាញទាំងអស់នៅក្នុងខេត្ត ត្រូវខិតខំឲ្យអស់ពីលទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ហើយមន្ត្រីជំនាញ មុននឹងចេញច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ត្រូវត្រួតពិនិត្យមើលប្រភពឈើឲ្យបានច្បាស់លាស់ជាមុនសិន។

លោកបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួម ពីមេបញ្ជាការកងកម្លាំងទាំង៣​ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត និងអភិបាលក្រុង ស្រុកទាំង៨ផងដែរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា «មួយរយៈកាលកន្លងមកនេះ យើងបានបង្ក្រាបករណីបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផល គួរឲ្យគត់សម្គាល់ ដែលកត្តានេះផ្តើមចេញ ពីការខិតខំរបស់ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញរបស់យើងក៏ដូចជា អាជ្ញាធរ គ្រប់លំដាប់ថ្នាក់។ ប៉ុន្តែទន្ទឹម និងនេះក៏មានការរិះគន់ដល់អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញថា មិនបានយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិទៅវិញ»

ពាក់ព័ន្ធនឹងករណីនេះលោកអភិបាលខេត្ត បានបន្តថា នៅខេត្តព្រះវិហារ មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ប៉ុន្តែគេមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចេញពីរដ្ឋាភិបាលក្នុងការប្រមូលផលអនុផលព្រៃឈើ ដោយបានបង់ពន្ធចូលថវិការជាតិ។ តែក៏មានបុគ្គលខិលខូចមួយចំនួនជ្រកក្រោមស្លាកក្រុមហ៊ុនដែរ ប៉ុន្តែយើងធ្វើការបង្ក្រាបបានដែលដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា រហូតឃាត់ខ្លួនក្រុមឈ្មួញធំៗ ដាក់ពន្ធធនាគារ រហូតមកដល់សព្វថ្ងៃនេះ។ លោកបញ្ជាក់ថា «ប៉ុន្តែបើអ្នកសារព័ត៌មានដឹងគួរ តែសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ប្រាប់ពីទីតាំងឲ្យបានច្បាស់លាស់ បើសមត្ថកិច្ចមិនបង្ក្រាបយើងចុះផ្សាយម៉េចក៏បានដែរ ក៏ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច អត់ដឹងរឿងអីផង បែរជាចុះផ្សាយសុទ្ធតែគេមិនបង្ក្រាបគេឃុបឃិតគ្នាទៅវិញ»

ជាមួយគ្នានេះផងដែលោក អ៊ុន ចាន់ដា បានប្រាប់ទៅមន្ត្រីជំនាញ មុននិងចេញច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុនណាមួយ ដឹកជញ្ជូនឈើ ត្រូវធ្វើការចុះត្រួតពិនិត្យប្រភពឈើ ឲ្យបានច្បាស់លាស់។ បន្ថែមលើសពីនេះទៀត លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាវុធហត្ថខេត្ត និងនគរបាលខេត្ត ត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវត្រង់ចំណុចសំខាន់ៗ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនឈើដោយខុសច្បាប់។ ហើយប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺបម្រើឲ្យតែការងារ ត្រួតពិនិត្យការដឹកជញ្ជូនឈើតែប៉ុណ្ណោះ មិនត្រូវធ្វើកិច្ចការលើសពីនេះដែលនាំឲ្យមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋឡើយ។

លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ក្រៅពីប៉ុស្តិ៍ត្រួតពិនិត្យដែលមានការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត គឺមិនត្រូវអនុញ្ញាត ឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យផ្សេងនោះទេ ហើយសមត្ថកិច្ចដែលឈរជើងតាមប៉ុស្តិ៍នីមួយៗ ត្រូវអនុវត្តន៍តាមគោលការណ៍ច្បាប់ ក្នុងស្មារតីការពារ ធនធានធម្មជាតិឲ្យនៅគង់វង្ស បើយើងទប់ស្កាត់ការដឹកជញ្ជូន ដោយខុសច្បាប់បាន​នោះការកាប់បំផ្លាញ និងមានការថយចុះជាក់ជាមិនខាន៕