(ភ្នំពេញ)៖ លោក Roman Paramonov ប្រធានថ្មី នៃគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ (ICRC) ប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាគឺជាប្រទេសទីមួយ ដែលមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគណៈកម្មាធិការកាកក្រហមអន្តរជាតិ បើធៀបជាមួយបណ្ដាប្រទេសផ្សេងទៀត ស្ថិតនៅក្នុងតំបន់អាស៊ី។ នេះបើតាមបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសអនុញ្ញាតឲ្យលោក Roman Paramonov ដែលទើបចូលកាន់តំណែងប្រធានថ្មី នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំនៅកម្ពុជា ជួបពិភាក្សាសម្ដែងការគួរសមនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ជុំ សុន្ទរី បានឲ្យដឹងថា ក្នុងជំនួបនោះ លោក Roman Paramonov បានសម្ដែងរីករាយពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា ជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។ លោក Paramonov បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី១ ដែលមានកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយនឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្ត។

លោក Paramonov បានសម្ដែងអំណរអរគុណចំពោះការគាំទ្រគ្រប់បែបយ៉ាង ដែលក្រសួងការបទេស និងស្ថាប័នផ្សេងៗទៀត របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការ ដែលអាចឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ សម្រេចបានភារកិច្ចរបស់ខ្លួននៅកម្ពុជា។

លោកបានបញ្ជាក់ថា អង្គការនឹងបន្តកិច្ចសហប្រតិបត្តិការ និងជួយផ្ដល់ការឧបត្ថម្ហចំពោះ កិច្ចសហប្រតិបត្តិការ បន្តផ្ដល់នូវឧបត្ថម្ហ តាមកម្មវិធីកិច្ចប្រតិបត្តិការរវាង គណៈកម្មាធិការកាកបាទក្រហមកម្ពុជា ជាមួយនិងកម្ពុជាបន្តទៅទៀត។

លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន​ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការតែងតាំងកាន់ការងាររបស់លោក Roman Paramonov នៅប្រទេសកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា ជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។

លោកទេសរដ្ឋមន្រ្ដី បានបន្តទៀតថា ជាពិសេសការផ្ដល់ជំនួយមនុស្សធម៌ របស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ មកដល់កម្ពុជា​ បន្ទាប់ពីកម្ពុជា ត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងពេលនោះប្រជាជនកម្ពុជា បានប្រឈមការលំបាកយ៉ាងខ្លាំងនៅលើបញ្ហាស្បៀងអាហារ និងបញ្ហាថ្នាំពេទ្យ៕