(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី លោក ឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពផងនោះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានព្រមានធ្ងន់ៗ និងដាក់បទបញ្ជា ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រឹងប្រែងបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសកម្ម ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ពិសេសបង្ក្រាបគ្រឿងញៀន បើធ្វើមិនបាន មិនមានសមត្ថភាព ត្រូវលាលែងពីតំណែងទៅ កុំឲ្យគេដកទាន់។
ជាមួយគ្នានេះ អភិបាលរាជធានី លោក ឃួង ស្រេង បានលើកឡើងប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំងស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលប្រព័ន្ធប្រឡាយបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងនោះដែរ លោក ឃួង ស្រេង បានថ្លែងជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរទាំំងអស់ ប្រឹងប្រែងអនុវត្តន៍ឲ្យបានគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អឡើងវិញ ហើយដំណាក់កាលដំបូងនេះ គ្រាន់ជាការណែនាំដោយផ្ទាល់មាត់ប៉ុណ្ណោះ តែប្រសិនបើករណីចោរកម្ម លួចឆក់ ប្លន់ និងគ្រឿងញៀន នៅតែកើតមាន បង្កភាពភ័យខ្លាចចំពោះប្រជាពលរដ្ឋទៀត នឹងត្រូវដាក់ទោសតាមវិន័យរដ្ឋបាល៕