(បន្ទាយមានជ័យ)៖ ថ្លែងចេញពីយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារយោធាសន្តិសុខឆមាសទី១ និងផ្សព្វផ្សាយទិសដៅអនុវត្តន៍ការងារ យោធាសន្តិសុខឆមាស២ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ ឲ្យបន្តប្រពៃណី​ស្នាដៃ​ល្អ​បន្តទៀត។

នាយឧត្តមសេនីយ៍ មាស សុភា បញ្ជាក់ថា ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺនលើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាព យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបម្រើ ឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។

ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោក ពិសេសថ្នាក់ដឹកនាំយោធភូមិភាគទី៤ នាយឧត្តមសេនីយ៍ បានសម្ដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អ របស់នាយពលទាហានគ្រប់កងឯកភាពចំណុះឲ្យ យោធភូមិភាគទី៤ ដែលក្នុងរយៈពេលមួយឆមាសទី១ កន្លងមកនេះ បា​នយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីនៃ​កម្ពុជាបានយ៉ាងរឹងមាំ។

ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានសង្កត់ធ្ងន់ថា «​នាយទាហានទាំងអស់​ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីនៃ​កម្ពុជាឲ្យបានរឹងមាំ និងរីកចម្រើន»។​

ឆ្លៀតក្នុងនោះ នាយឧត្តមសេនីយ៍ មាស សុភា បានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានជាន់ខ្ពស់ ក្នុងយោធភូមិភាគទី៤ចំនួន៤រូប ដោយសម្រេចតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោចំនួន២រូប ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន២រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ជាមេបញ្ជាការរងយោធភូមិភាគទី៤ចំនួន២រូប និងជានាយរងសេនាធិការយោធភូមិភាគ១រូបផងដែរ៕