(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំរួចមក ចៅក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បានសម្រេចចេញដីកាឃុំខ្លួនស្ដ្រីដែលមានអត្តសញ្ញាណលើ Facebook ឈ្មោះ ហេង លក្ខិណា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមដីកាបញ្ជាឲ្យឃុំខ្លួន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន បានបញ្ជាក់ថា ស្រ្តីរូបនេះ ហ៊ិន វ៉ាន់ស្រីពៅ អាយុ៣៧ឆ្នាំ មុខរបរអ្នកលក់ដូរ បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ។

ការសម្រេចចេញដីកាឃុំខ្លួនរបស់លោកចៅក្រម បានធ្វើឡើងក្រោយពីព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះព្រះរាជអាជ្ញារង សៀង សុខ បានបញ្ចប់ការសួរនាំស្ដ្រីរូបនេះ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ តាមក្រមព្រហ្មទណ្ឌបទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។

ស្ត្រី​​ដែល​និយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ​ ចាប់ខ្លួន និងបញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្តងទៀត នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ។

ស្រ្តីរូបនេះមានអត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ជា​ការ​កត់សម្គាល់​ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ ដែល​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ​និង​អ្នក​ខ្លះ​រត់​ចោល​ស្រុក​ ព្រោះ​តែ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ សម្តេច​តេជោ​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​។​ ក្នុង​នោះ​មាន​លោក​ សម​ រង្ស៊ី​ លោក​ គឹម​ សុខ​ និង​ អ្នក​ស្រី​ ថាក់​ ឡានី​ ជា​ដើម​ ៕