(ស្ទឹងត្រែង)៖ សត្វព្រៃ៤ប្រភេទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមអន្តរាគមន៍​ចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយអង្គការវ៉ាអេត រដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបសត្វព្រៃជួញដូរសត្វព្រៃ​ ខណៈក្រុមឈ្មួញ​និងកំពុង​លក់នៅ​ទីផ្សារក្នុងទីរួមខេត្ត។

ការបង្ក្រាបនេះ ត្រូវបានធ្វើឡើង​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយដកហូតបានសត្វព្រៃជាង២៤គីឡូក្រាម និងឃាត់ខ្លួនស្ដ្រីម្នាក់ផងដែរ។

សត្វព្រៃដែលជំនាញរឹបអូស​មាន​ សាច់ជ្រូកព្រៃស្រស់​១៤.៥០គីឡូក្រាម, សាច់ឈ្លុសស្រស់ ១.៧០គីឡូក្រាម, សាច់សត្វប្រើស​៨​គីឡូក្រាម, អណ្តើកសកលរស់ ៤ក្បាល សរុបសាច់សត្វព្រៃស្រស់ទាំងអស់ទំងន់២៤,២០គីឡូកាម។

ប៉ុន្ដែទោះជាយ៉ាងណា ស្ដ្រីឈ្មោះ ឆោម ធីតា អាយុ១៨ឆ្នាំ រស់នៅភូមិព្រះបាទ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលឃាត់ខ្លួននេះ ត្រូវបានដោះលែងវិញដោយជំនាញបានបញ្ជាក់ថា សាច់សត្វព្រៃដែលបង្ក្រាប​នោះ គឺជារបស់អ្នកលក់ផ្សេង ចំណែករបស់ស្ត្រីរូបនេះគឺមានតិចជាងគេ ដូច្នេះក៏សម្រេចដោះទៅវិញ ដោយមិនឲ្យមានការបង់ពិន័យអ្វីឡើយ៕