(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានយ៉ាងខ្លាំងៗថា នឹងចាប់ខ្លួនមន្រ្តីនគរបាលទាំងឡាយណា ដែលយកតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តបទល្មើសខុសច្បាប់ ឬអនុវត្តផ្ទុយពីវិន័យវិជ្ជាជីវៈក្នុងលក្ខខណ្ឌរបស់នគរបាលជាតិ ព្រមទាំងណែនាំឲ្យមន្ត្រីនគរបាលជាតិទាំងអស់ ខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។
លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តមណ្ឌលគិរី។
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរ ត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង»។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលត្រូវកាន់តំណែងថ្មី ត្រូវពិនិត្យមើល និងលើកទឹកចិត្តដល់មន្ត្រីនគរបាលឆ្នើម ត្រូវរៀបចំការដំឡើងឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាលដែលមានស្នាដៃ ឲ្យមានតម្លាភាព មិនមែនដំឡើងឋានន្តរស័ក្កិទៅតាមការរត់ការ ឬតាមខ្សែខ្នងបង្អែកនោះទេ។
នាយឧត្ដមសេនីយ៍ នេត សាវឿន បានថ្លែងទៀតថា មន្ត្រីនគរបាលទាំងអស់ក្នុងខេត្តមណ្ឌលគិរី ត្រូវបំពេញភារកិច្ច ប្រកាន់ភ្ជាប់ជាមួយក្រមសីលធម៌ ពាក្យសម្ដី អាកាប្បកិរិយាសមរម្យជាមួយប្រជាពលរដ្ឋ ជាពិសេសមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីនគរបាលតាមប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបទទួលតំណែងថ្មី ក៏បានប្ដេជ្ញាថា នឹងគោរពតាមបទបញ្ជាថ្នាក់លើ គោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ខិតខំបំពេញភារកិច្ចអនុវត្តតួនាទី បម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត ព្រមទាំងដឹកនាំមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អនុវត្តតួនាទីឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី តូច យ៉ុន អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបំពេញការងារថ្មី ជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ចំណែកលោកឧត្ដមសេនីយ៍ត្រី អ៊ុក សំណាង ដែលមកកាន់តំណែងថ្មីជាស្នងការនគរបាលខេត្តមណ្ឌលគិរីជំនួសវិញ៕